អន្តរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចេញមុខរិះគន់ចំពោះ គោលការណ៍តម្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដែលត្រូវបានកំណត់​ដោយប្រទេសមួយចំនួន សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ឆ្ពោះទៅក្រៅប្រទេស ហើយទន្ទឹមគ្នានេះទីក្រុងប៉េកាំង ក៏បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក កាណាដា បារាំង និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលនាពេលនេះបានតម្រូវឱ្យអ្នកដំណើរទាំងឡាយ មកពីប្រទេសចិន បង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តកូវីដ-១៩ មុនពេលទៅដល់ប្រទេសរបស់ពួកគេ ក្រោមហេតុផលថា ចិនបាននិងកំពុងតែ​មើលឃើញ ការកើនឡើងនៃករណីឆ្លង។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានលើកឡើងថា «ប្រទេសមួយចំនួន បានចាត់វិធានការរឹតត្បិតការធ្វើដំណើរចូលប្រទេសរបស់ពួកគេ ដែលមានគោលដៅតែចំពោះអ្នកដំណើរចិន។ ការធ្វើបែបនេះ គឺខ្វះមូលដ្ឋានផ្នែកវិទ្យាសាស្រ្ត និងជារឿងមិនអាចទទួលយកបានឡើយ»។ លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ភាគីចិនអាចនឹង​ចេញចំណាត់ការឆ្លើយតប ដោយស្មើភាពបកទៅវិញ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ចិនបានសម្រេចលុបចោលការរឹតត្បិតកូវីដសូន្យរបស់ខ្លួន ដែលត្រូវបានអនុវត្តអស់រយៈពេល​ប៉ុន្មានឆ្នាំមកហើយ។ ទីក្រុងប៉េកាំងបានប្រកាសថា អ្នកដំណើរចូលក្នុងប្រទេសចិន នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កតទៀតទេ ដែលបណ្តាលឱ្យប្រជាជនចិនជាច្រើន នាំគ្នារៀបចំផែនការធ្វើដំណើរចេញទៅក្រៅប្រទេស ដែលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយ ៕