ថ្មីៗនេះតារាចម្រៀង សាពូន មីដាដា បានបង្ហោះរូបភាពកូនប្រុសពៅលុតជង្គង់ជូននំខួបកំណើតនៅចំថ្ងៃខួបរបស់កូនគម្រប់អាយុ៥ឆ្នាំ ព្រមទាំងប្រកាសដោយសេចក្ដីអំណរចង់បំបួសកូនប្រុសពៅនៅពេលកូនលោកមានអាយុគ្រប់៦ខួប ពោលគឺឆ្នាំ២០២៤ខាងមុខ។
ស្រាប់តែ មានអ្នកចេញមករិះគន់ចំពោះការសម្រេចចិត្តរបស់លោកថាលោកគិតបែបនេះព្រោះចង់គេចកាតព្វកិច្ចជាឪពុក។
សាពូន មីដាដា បង្ហោះថា “ថ្ងៃនេះគម្រប់ខួប៥ឆ្នាំហើយកូនប្រុសពុក ចេះលុតជង្គង់ជូននំពុក ឆ្នាំក្រោយគម្រប់៦ឆ្នាំ ពុកនឹងឱ្យកូនបួសដូចកាលព្រះពុទ្ធសម័យ ព្រះអង្គបានឱ្យព្រះរាហ៊ុលបួស កាលណោះព្រះរាហ៊ុលក៏មានព្រះជន្ម៦ព្រះវស្សាដែរ”
យ៉ាងណាមិញអ្វីដែលជាការលើកឡើងរបស់ម្ចាស់បទ «ភក្ដីស្នេហ៍ពេញបេះដូង» ខាងលើដោយផ្អែកតាមមាគ៌ាព្រះពុទ្ធអង្គបានបំបួសព្រះរាជកុមារ រាហ៊ុល នៅអាយុ៦ព្រះវស្សានោះ ទំនងជាមិនទទួលបានការសាទរនិងអបអរពីអ្នកគាំទ្រទាំងអស់នោះឡើយ ព្រោះបើមើលតាមរយៈ Comment ក្រៅពីចូលមកអបអរខួបកំណើតកូនប្រុសលោក សាពូន មីដាដាហើយនោះ ក៏មានអ្នករិះគន់ចំពោះអ្វីដែលលោក មីដាដា បាននឹកឃើញនេះថាជាការគេចវេសពីកាតព្វកិច្ចធ្វើជាឪពុកគេ។
”ក្មេងត្រូវញ៉ាំគ្រប់គ្រាន់១ថ្ងៃ៣ពេល ឱ្យក្មេងទៅបួសតើគេអាចអត់ទ្រាំនូវការអត់បាយពេលល្ងាចបានទេ? ចង់គេចវេសកាតព្វកិច្ចជាឪពុកមែន?”
ក្រោយត្រូវគេរិះគន់ចំៗបែបនេះលោក សាពូន មីដាដា បានប្រតិកម្មឆ្លើយតបវិញថា៖ការយល់ឃើញរបស់លោកនេះមិនមែនចង់គេចកាតព្វកិច្ចជាឪពុកនោះឡើយ តែលោកកំពុងតែជួយបំភ្លឺផ្លូវជួយនាំកូនប្រុសឱ្យដល់ត្រើយផុតទុក្ខនៃលោកីយ៍។
បន្ទាប់ពីមានការបកស្រាយរបស់លោក សាពូន មីដាដាចំពោះករណីនេះ អ្នកមីងដែលជាអ្នករិះគន់អតីតស្វាមីអ្នកនាង សឿ សុធារ៉ា នៅតែប្រកាន់គោលគំនិតមិនទទួលយកការបកស្រាយរបស់លោកនោះឡើយ ដោយអ្នកមីងបានតបថា៖ “ខ្ញុំមិនយល់ពីពុទ្ធប្រវត្តិមែន តែខ្ញុំស្គាល់ច្បាស់ពីកាតព្វកិច្ចជាឪពុកម្ដាយ មិនយកតែរួចខ្លួនឯង បោះបង់គ្រួសារចោលនោះ ចង់បួសៗខ្លួនឯងទៅកុំនិយាយបានតែមាត់”៕