1. ប្រាសាទភ្នំបាខែង
ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ដែលជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យរៀបលិច។ លើសពីនេះទៅទៀត យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និងទេសភាពវាលស្រែក្បែរៗនេះផងដែរ។

2. ប្រាសាទប្រែរូប
ប្រាសាទប្រែរូប មានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីផ្លូវខ្វែងវង់ធំនិងវង់តូច ត្រង់ជ្រុងនៃផ្លូវកែងកាច់ទៅទិស ខាងជើង។ ប្រាសាទនេះក៏សាងឡើងនៅក្នុងឆ្នាំ ៩៦១ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័ន ឧទ្ទិសដល់ព្រះឥសូរនៅក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទប្រែរូបគឺជាគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរភាគច្រើនទៅ ទស្សនាព្រះអាទិត្យរះឬក៏លិច ដោយសារតែពេលដែលយើងឈរពីលើប្រាសាទនេះ យើងអាចទស្សនាទេសភាពព្រៃព្រឹក្សា និងជួរភ្នំគូលេន បង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏កម្រនឹងបានឃើញ។

3. បឹងអភិរក្សជីវចម្រុះពារាំង
ទីនេះគឺជាសហគមន៍អភិរក្សជីវចម្រុះ ដែលមានចម្ងាយប្រហែលជា ១៥ គីឡូម៉ែត្រពីក្រុងសៀមរាប និងមានទីតាំងនៅភាគខាងត្បូង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ដោយមានការពារមេពូជត្រីពង ការពារព្រៃលិចទឹក ធ្វើឱ្យតំបន់បឹងមានទំហំព្រៃលិចទឹកជាច្រើនហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹកជាង ៣០០ប្រភេទ។

4. ភ្នំក្រោម
ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី10 ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ទីនេះក៏ជាកន្លែងដែលល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយនារដូវវស្សា ជាមួយព្រះអាទិត្យរៀបអស្ដង្គត។

5. Angkor Eye
ជាកន្រ្តកយក្សដ៏ធំនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពក្រុងសៀមរាបបាន ៣៦០ ដឺក្រេក្នុងរយៈពេល ១៨ នាទី និងមើលឃើញព្រះអាទិត្យអស្ដង្គតយ៉ាងស្រស់ស្អាតផងដែរ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់ របស់ប្រទេសជប៉ុន៕







