រាជធានីអូតតាវ៉ា (Ottawa)៖ ដោយសារសង្គ្រាមកំពុងតែបន្ដ និង មានគំនិតគិតគូរ អំពីសុវត្ថិភាពអាយុជីវិតរបស់កងទ័ពអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម ការពារទឹកដី និង សេរីភាពរបស់ពួកគេ ទើបក្រុមហ៊ុនផលិតរថចម្បាំងរ៉ូសែល (Roshel) របស់កាណាដា បានបញ្ជូនរថយន្ដដឹកទ័ពពាសដែក ប្រកបដោយបច្ចេកវិទ្យាជាន់ខ្ពស់ ជាង១០០គ្រឿង ទៅឲ្យកងទ័ព នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។
សារព័ត៌មាន Defense បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣ ខែមករា ថា រថយន្ដដឹកកងទ័ពពាសដែកក្រោះ ជាង១០០គ្រឿង កំពុងតែបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ នេះជាផ្នែកមួយ នៃជំនួយយោធារបស់ក្រុងអូតតាវ៉ា សម្រាប់ក្រុងកៀវ និង ជាកិច្ចគាំទ្រ ជួយដល់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្រ្គាមរបស់ក្រុងមូស្គូ អស់រយៈពេល៣១៤ថ្ងៃ គិតត្រឹម ថ្ងៃទី១ ខែមករា។
តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនផលិតរថចម្បាំងរបស់កាណាដា បានបញ្ជាក់ ថា «ក្រុមហ៊ុន Roshel បានបញ្ជូនយានយន្ដពាសដែកក្រោះដឹកកងទ័ព ជាង១០០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន បានបញ្ជូនរថយន្ដប្រភេទនេះ ជាង៣០០គ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន សម្រាប់ប្រើប្រាស់ នៅក្នុងចម្បាំងនេះ។
រថយន្ដ Senator នេះ ជាប្រភេទយានយន្ដពាសដែកក្រោះដឹកកងទ័ព ទើបនឹងបង្កើតថ្មី ត្រូវបានដាក់ឲ្យដំណើរការ ជាលើកដំបូង នៅក្នុងអំឡុងឆ្នាំ២០១៨។ រថយន្ដដឹកកងទ័ព ប្រភេទនេះ ត្រូវបានរចនាឡើង សម្រាប់ការអនុវត្តច្បាប់ និង ការប្រើប្រាស់ សម្រាប់ល្បាត នៅតាមព្រំដែន។
កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រើប្រាស់រថយន្តទាំងនេះយ៉ាងសកម្ម នៅក្នុងអំឡុងការវាយលុករបស់កម្លាំងទាហានរបស់រុស្ស៊ី នៅភាគខាងកើត និង ភាគខាងត្បូង ប្រទេស។ លើសពីនេះ រថពាសដែកមួយឈុត ត្រូវបានប្រគល់ទៅឱ្យកងទ័ពការពារព្រំដែន ដើម្បីធានាដល់សន្តិសុខ នៅតាមព្រំដែនរបស់អ៊ុយក្រែន ជាប់ជាមួយនឹងបេឡារុស ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ក្រុងមូស្គូ។
ក្រុមហ៊ុន Roshel បានបញ្ជាក់ទៀត ថា តួរថយន្ត ប្រភេទនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់បញ្ចូលនូវសម្ភារៈការពារកម្ដៅ និង សំឡេងរំខានកម្រិតខ្ពស់ និង ផាសុភាពដល់អ្នកប្រើប្រាស់វា។ រថយន្តនេះ ក៏បានបំពាក់ម៉ាស៊ីនត្រជាក់យ៉ាងល្អបំផុត សម្រាប់ការប្រើប្រាស់ ប្រកបដោយផាសុកភាព នៅក្នុងបរិយាកាសដ៏អាក្រក់បំផុត។
រថយន្ដ ប្រភេទ Senator នេះ បានពាសដែក នៅតាមបរិវេណកន្លែងរបស់អ្នកជិះ និង កន្លែងដាក់ម៉ាស៊ីន។ លើសពីនេះទៅទៀត រថយន្ដស៊េរីនេះ ក៏ត្រូវបានរចនាឡើង ដើម្បីផ្តល់កិច្ចការពារ រហូតដល់កម្រិតគ្រាប់ផ្លោង CEN B7។ ប៉ុន្តែគ្រឿងសឹករបស់រថយន្ដ ប្រភេទនេះ ធន់នឹងផលប៉ះពាល់ខ្លាំង។ ចំណែកផ្នែកខាងក្រោមរបស់រថយន្ដ ត្រូវបានបំពាក់ជាមួយនឹងដែកក្រោះការពារគ្រឿងបំផ្ទុះ សម្រាប់ការពារដល់អ្នកបើកបរ នៅក្នុងករណីមានការបំផ្ទុះគ្រាប់ នៅក្នុងពេលដំណាលគ្នា ឬ គ្រាប់មីនធុនស្រាល សម្រាប់ប្រឆាំងនឹងមនុស្ស៕










