ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានស្នើដល់នារី ដែលមានទំនាក់ទំនង ជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នា ជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ និងនិយាយចំហរតែម្ដង […] ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា»។
ការស្នើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅលោក ហ៊ុន ជា ផងដែរថា តើចង់បន្ដពាក់ផ្កាយ ឬក៏ចង់អស់ផ្កាយ។
សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានចាត់ការច្បាប់ឯកពន្ធភាព លើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមានសិទ្ធិឈឺឆ្អាល ជាមួយនឹងរឿងត្រកូលហ៊ុន បើមិនអ៊ីចឹង លោក ហ៊ុន ជា នឹងដើរទៅរញែរញៃ។
សម្ដេចតេជោ ហ៊ុន សែន បាននិយាយធ្ងន់ៗថា នារីដែលថតរូបបង្ហោះ ជាមួយនឹងលោក ហ៊ុន ជា មិនមែនជាប្រពន្ធ លោក ហ៊ុន ជា ទេ គឺសាហាយរបស់លោក ហ៊ុន ជា ៕















