ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍តាមទំព័រហ្វេសបុកថា ដើម្បីដឹងច្បាស់​​តើជាប្រពន្ធ​ស្របច្បាប់​ ឬជាស្រីយកប្តីគេ សម្តេចបង្ខំចិត្តប្រើផេកផ្លូវការរបស់ខ្លួន សួរបញ្ជាក់ទៅហ៊ុន ជា ទើបច្បាស់។

សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២៣ ថា «​ល្ងាចនេះ​ឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន ជា? ពុំមាន​ចម្លើយ​ណាមួយជាក់លាក់ទេ រាប់ទាំង ហ៊ុន ជា ក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់ តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេ​ខ្ញុំបង្ខំ​ចិត្ត​ប្រើផេកផ្លូវការរបស់ខ្ញុំ ដើម្បីសួរបញ្ជាក់ទៅ ហ៊ុន ជា ទើបច្បាស់»។

«រឿងដែលគួរឱ្យឆ្ងល់គឺ កាលពីឆ្នាំ១៩៩៥ ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឱ្យ ហ៊ុន ជា ចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយនិងគ្រួសារខាងស្រីកុំឲ្យគេប្តឹងនិងសុំឲ្យបានរៀបការ។ គ្រួសារខាងស្រីយោគយល់ព្រមឲ្យរៀបការដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ។ ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់បែជាចេញស្រីផ្សេងទាំងប្រពន្ធដើមនិងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ។ ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ដែលតាមស្រាវជ្រាវមិនមានការលេងលះគ្នាទេ។ ច្បាប់យើងប្តីមួយប្រពន្ធមួយ។ ឃើញហ្វេសបុកស្រីនោះក៍បង្ហោះរូបថតដូច ហ៊ុន ជាដែរតើនាងចង់ឲ្យ ហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។ ខ្ញុំមានសិទ្ធឈឺឆ្អាលព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន»៕