បរទេស៖ ជាងកាត់សក់នៅជុំវិញប្រទេសបែលហ្សិកបានចាត់វិធានការក្នុងការបោស និងប្រមូលសក់ពីការកាត់សក់របស់អតិថិជន រួចបញ្ជូនវាទៅអង្គការឯករាជ្យ (NGO) ដែលនឹងកែច្នៃសក់ឡើងវិញដើម្បីជាគោលដៅក្នុងការការពារបរិស្ថាន។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក អំពីគម្រោងកែឆ្នៃសក់គឺដាក់បណ្តុំសក់ ឬសរសៃសក់ ចូលទៅក្នុងម៉ាស៊ីនដើម្បីបម្លែងទៅជាវត្ថុប្រើប្រាស់បានឡើងវិញ ដោយការបង្វែរវាទៅជាព្រំរាងការ៉េ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីស្រូបយកប្រេង និងអ៊ីដ្រូកាបូនផ្សេងទៀត ដែលបំពុលបរិស្ថាន ឬ អាចប្រើសម្រាប់ផលិតថង់សម្ភារជីវចម្រុះផងដែរ។

ជាមួយគ្នានោះលោក Patrick Janssen សហស្ថាបនិកនៃគម្រោងកែច្នៃសក់នេះ បានពន្យល់ថាសក់ក្នុងមួយគីឡូក្រាមអាចស្រូបយកប្រេង និងអ៊ីដ្រូកាបូនចន្លោះពី ៧ ទៅ ៨ លីត្រ ហើយកំរាលព្រំរាងការរ៉េនេះអាចដាក់ក្នុងបំពង់បង្ហូរ ដើម្បីស្រូបយកជាតិពុលនៅក្នុងទឹក មុនពេលវាហូរចូលទៅក្នុងទន្លេផងដែរ។

បន្ថែមពីនោះគេហទំព័ររបស់គម្រោងនេះបញ្ជាក់បន្ថែមថា  សក់មានលក្ខណៈសម្បត្តិដ៏មានឥទ្ធិពលដោយសារតែកំរាលព្រំ១ អាចផ្ទុកទម្ងន់បានច្រើនជាង ១០ លានដង រួមទាំងអាចស្រូបយកជាតិខ្លាញ់ និងអ៊ីដ្រូកាបូនបានយ៉ាងល្អ  ហើយវាក៏រលាយក្នុងទឹកផងដែរ និងមានភាពបត់បែនខ្ពស់ដោយសារតែសរសៃនៃ keratin ។

យ៉ាងណាមិញម្ចាស់ហាងកែសម្ផស្សជាច្រើននៅទូទាំងទីក្រុងព្រុចសែល ដែលជាជាងកាត់សក់ បាននិយាយថានេះគឺជារឿងល្អក្នុងការប្រមូលសក់ក្នុងហាងរបស់ពួកគេជាមួយនឹងការបង់ថ្លៃតិចតួចដល់គម្រោងដែលប្រមូលសក់។ ព្រោះថាការពិតវាគឺគួរឱ្យសោកស្ដាយសក់ ប្រសិនបើត្រូវបានបោះចោលក្នុងធុងសំរាម ជាមួយនឹងអត្ថប្រយោជន៍ដ៏មហាសាលរបស់វា៕ ប្រភព៖ dailynews