ប្រទេសចិន៖ ប្រទេសចិនចាប់ផ្តើមសាងសង់ មូលដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ដ៏ធំនៅលើវាលខ្សាច់ដ៏ធំបំផុតទីប្រាំពីររបស់ប្រទេសកាលពីថ្ងៃពុធសប្តាហ៍មុន។

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិន អំពីគម្រោងមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពដំឡើងសរុប ១៦លានគីឡូវ៉ាត់ដែលវានឹងត្រូវបានគេចាត់ទុកថាជាមូលដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅលើវាលខ្សាច់ ធំជាងគេលើពិភពលោក។
យ៉ាងណាមិញគម្រោងនេះនឹងត្រូវបានបង្កើតឡើងដោយសាជីវកម្ម China Three Gorges និងក្រុមហ៊ុន Inner Mongolia Energy Group Co., Ltd. នៅលើវាលខ្សាច់ Kubuqi ដែលជាវាលខ្សាច់ធំជាងគេទីប្រាំពីរនៅក្នុងប្រទេស ដែលមានទីតាំងនៅតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងនៃប្រទេសចិន។
ជាមួយគ្នានោះគេបានបញ្ជាក់បន្ថែមថាមូលដ្ឋានថាមពលនឹងអាចផ្គត់ផ្គង់អគ្គិសនីប្រហែល ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ សម្រាប់តំបន់ Beijing តំបន់ Tianjin និងតំបន់ Hebei បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

មិនតែប៉ុណ្ណោះជិតពាក់កណ្តាលនៃថាមពល ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងនោះ នឹងក្លាយជាថាមពលស្អាត ដែលស្មើនឹងការសន្សំប្រហែល ៦ លានតោននៃធ្យូងថ្មស្តង់ដារនិងការថយចុះប្រហែល ១៦ លានតោននៃកាបូនឌីអុកស៊ីតដែលបំផ្លាយអាកាសធាតុពិភពលោក៕ ប្រភព៖ dailynews












