បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល ក្រោយអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បានបំផ្លាញអគារចំនួនបីខ្នងនៅឯរោងចក្រគីមីក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយអាជ្ញាធរបានប្រញាប់បញ្ជាឲ្យជម្លៀសកម្មករដែលភាគច្រើនមានអាយុ ៥០ ឆ្នាំ រួមទាំងអ្នកភូមិនៅក្បែរនោះផងដែរ។
នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រសារព័ត៌មាន Mainichi របស់ប្រទេសជប៉ុនបានរាយការណ៍ថា មានអគ្គីភ័យដ៏ធ្ងន់ធ្ងរមួយបានកើតឡើង និងបំផ្លាញអគារជិតខាងចំនួនបីនៃរោងចក្រគីមី “Daiichi Chemical Industry” ដែលមានទីតាំងនៅ Sumida Ward ក្នុងតំបន់ Tachibana នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។
បន្ទាប់ពីហេតុការណ៍បានកើតឡើង អាជ្ញាធរក្នុងតំបន់បានប្រញាប់ប្រញាស់ជម្លៀសកម្មករដែលភាគច្រើនជាមនុស្សចាស់វ័យ៥០ ចេញពីរោងចក្រ និងអ្នកដែលបានរស់នៅក្បែរនោះព្រមទាំង ការបិទតំបន់ជុំវិញចម្ងាយ ៤០០ ម៉ែត្រនៅជុំវិញនោះផងដែរ។ បន្ទាប់មកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៥៧ គ្រឿងក្នុងការគ្រប់គ្រងអគ្គិភ័យដ៏ខ្លាំងមួយនេះ។
បើតាមរបាយការណ៍ព័ត៌មានបានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹក ខណៈពេលដែលកម្មករជាច្រើនកំពុងធ្វើការ ដោយវាបានឆាបឆេះនៅអគារពីជាន់ដំបូងមុន រួចរាលដាលដល់អគារចំនួនពីរផ្សេងទៀតនៅក្បែរនោះ រួមទាំងឃ្លាំងទំហំ ៦០០ ម៉ែត្រការ៉េ ត្រូវបានខូចខាតទាំងស្រុង។
សេចក្តីរាយការណ៍ព័ត៌មានបានបន្តថា កម្មការិនីជាច្រើននាក់បានរងរបួស និង មានរោគសញ្ញានៃអាការដែលបានស្រូបផ្សែង ព្រោះនៅក្នុងនោះមានសារធាតុគីមីដែលផ្ទុះនៅក្នុងរោងចក្រ ហើយ អាកាសធាតុមានសំណើមអប្បបរមាខ្យល់ស្ងួតដែលមានគ្រោះថ្នាក់ខ្លាំង ខណៈពេលដែលរោងចក្រជាអគារចាស់ ហើយមានទីធ្លាតូចចង្អៀតបង្កការលំបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលជាឧបសគ្គក្នុង ការគ្រប់គ្រងអណ្តាតភ្លើង។
យ៉ាងណាមិញអាជ្ញាធរនៅមិនទាន់ដឹងពីមូសហេតុនៃការឆេះនេះនៅឡើយទេ ប៉ុន្តែស្ថិតក្នុងការស៊ើបអង្កេតយ៉ាងក្ដៅគគុក និងឈ្វែងរកនូវមូលហេតុពិតដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើង៕ ប្រភព៖ Thairath

.jpg)










