ប្រទេសថៃ៖ ថៃបានធ្វើការប្រកាស ដល់អភិបាលទូទាំងប្រទេស ដោយជូនដំណឹងដល់ទីភ្នាក់ងាររដ្ឋាភិបាលថា គ្មានគោលនយោបាយណាមួយហាមមិនឲ្យមានការរៀបចំការស្វាគមន៍ឆ្នាំថ្មី២០២៣នោះឡើយ ប៉ុន្តែត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនូវ ៥ ចំណុចនេះដើម្បីការពារពីគ្រោះថ្នាក់ជាយកថាហេតុ ជាពិសេសចៀសវាងការរត់ជាន់គ្នាស្លាប់ដូចនៅក្នុងប្រទេសកូរ៉េកាលពីកន្លងទៅ។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកសារព័ត៌មានបានរាយការណ៍ថាក្រសួងមហាផ្ទៃ បានចេញលិខិតបន្ទាន់ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអានុញ្ញាតឱ្យប្រារព្ធពិធីឬព្រឹត្តិការណ៍ពិសេសៗដើម្បី ស្វាគមន៍ឆ្លងឆ្នាំថ្មី ចូលឆ្នាំសកល ២០២៣ នៅចន្លោះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។
ទោះជាយ៉ាងណាការអនុញ្ញាតនេះត្រូវបានស្ថិតនៅក្រោមគោលនយោបាយ និងវិធានការទាំង៥ចំណុចដូចតទៅ៖
១.សង្កត់ធ្ងន់លើម៉ោង ឬពេលវេលា បើក និងបិទកន្លែងផ្តល់សេវាកម្ម
ក្នុងនោះរួមមានការហាមឃាត់មនុស្សដែលមានអាយុតិចមិនស្របច្បាប់ក្នុងការប្រើសេវាកម្ម បន្ថែមពីលើនេះ ត្រូវមានការចុះឈ្មោះរបស់ភ្ញៀវអ្នកស្នាក់នៅឱ្យបានត្រឹមត្រូវ ចៀសវាងបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស ពេស្យាចារ ល្បែងស៊ីសង និងការលក់គ្រឿងស្រវឹង ឬគ្រឿងញៀន។
២. មុនឈាចូលដល់ថ្ងៃប្រារព្ធពិធី សម្រាប់ខេត្ត ស្រុក ត្រូវត្រួតពិនិត្យទីតាំង រួមជាមួយនឹងរដ្ឋបាលមូលដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយសង្កត់ធ្ងន់លើការត្រួតពិនិត្យ អំពីប្រព័ន្ធសុវត្ថិភាពអគារ រួមទាំងប្រព័ន្ធការពារចរន្ធភ្លើង ដើម្បីបង្កើតសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកដែលប្រើប្រាស់សេវាកម្មនៅកន្លែងកម្សាន្តផ្សេងៗ។
៣. ជូនដំណឹងដល់សហគ្រិនត្រូវគិតគូរពីចំនួនមនុស្សដែលប្រើប្រាស់សេវាកម្ម ឬចូលរួមក្នុងសកម្មភាពនានា ទាក់ទងនឹងប្រភេទអាជីវកម្ម ការប្រើប្រាស់អគារ កុំឱ្យមានមនុស្សច្រើនលើសពេក ដើម្បីការពារហានិភ័យនៃការស្លាប់ ដូចករណីរបស់ប្រទេសកូរ៉េកន្លងទៅ។
៤. ត្រួតពិនិត្យថាសហគ្រិនគោរពតាមផ្លូវច្បាប់ឬអត់ និងមានវិធានការអនាម័យដើម្បីការពារហានិភ័យ ពីជំងឺ កូវីដ-១៩ឬទេ ដែលស្របតាមការអនុវត្តនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីលក្ខណៈវិនិច្ឆ័យ និងវិធានការអនាម័យ ដើម្បីការពារហានិភ័យពីជំងឺកូវីដ១៩។
៥. ក្នុងអំឡុងពេលពិធី ស្វាគមន៍ឆ្នាំថ្មី ២០២៣ ចន្លោះពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ សម្រាប់ខេត្ត ស្រុក ត្រូវធ្វើសមាហរណកម្មជាមួយភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់ ក្នុងការត្រួតពិនិត្យគ្រឹះស្ថាន ដើម្បីអនុវត្តតាមច្បាប់ ក្នុងការធានាសុវត្ថិភាព និងការពារការខូចខាតដល់អាយុជីវិត និងទ្រព្យសម្បត្តិសាធារណៈ និងអ្នកដែលបានប្រើប្រាស់សេវាកម្មនៅទីតាំងនោះ រួមទាំងធ្វើឲ្យសង្គម ទាំងមូលមានសន្តិភាព និង សណ្តាប់ធ្នាប់ល្អ។

ទោះជាយ៉ាងណាសម្រាប់បងប្អូនខ្មែរយើងមិនថាទៅកម្សាន្តនៅទីណាទេសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើទោះបីជាអាជ្ញាធរគ្រប់ប្រទេស គ្រប់តំបន់បានចេញវិធានការការពារសុវត្ថិភាពខ្ពស់ឱ្យប្រជាជនយ៉ាងណាក៏ដោយ ប៉ុន្តែការការពារសុវត្ថិភាពផ្ទាល់ខ្លួនគឺជារឿងចម្បងបំផុតក្នុងឱកាសនៃការដើរម្សាន្តឆ្លងឆ្នាំថ្មីនេះ៕ ប្រភព៖ Thaitath












