ភ្នំពេញ៖ ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាម្នាក់ដែលបានបង្ហោះសារលក់ផ្លាកចេញចូលអគ្គស្នងការនោះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល។ មន្ត្រីប៉ុស្តិ៍នគរបាលខាងលើនេះ បានបកស្រាយថាខ្លួនពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។
ខាងក្រោមនេះជាការបង្ហោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ «សេចក្តីបកស្រាយបកបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឫ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
ភ្លាមៗ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។ ក្រោយពីធ្វេីការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថារូបលោក ពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។
ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ»៕
















