បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមានការផ្ទុះដ៏ខ្លាំងក្លាមួយនៅក្នុងរថយន្តដឹកហ្គាសមួយនៅជិតមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលបានបណ្តាលឱ្យមនុស្សចំនួន ១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។

នាពេលថ្មីៗកន្លងទៅនេះទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧបទ្ទវហេតុនៃរថយន្តដឹក ហ្គាសមួយគ្រឿងដែលបានព្យាយាមបើកកាត់ផ្លូវក្រោមស្ពានមួយ ក្នុងទីក្រុង Boksburg នៃអាហ្វ្រិកខាងត្បូង ស្រាប់តែនៅវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ បែរជាជាប់គាំងនៅក្រោមស្ពាន ដោយសារតែកម្ពស់នៃរថយន្តខ្ពស់ពេកមិនអាចទៅមុខរួច។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងនោះគឺស្រាប់តែមានការផ្ទុះយ៉ាងខ្លាំងក្លា មុនពេលមានភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅកើតឡើង។

ជាមួយគ្នានោះផងដែរក្នុងហេតុការនេះ មានមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងប្រហែល ៤០នាក់ទៀតផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះនេះ ហើយការផ្ទុះនេះផងដែរស្ថិតនៅចម្ងាយត្រឹមតែ ១០០ម៉ែត្រពីមន្ទីរពេទ្យ Tambo Memorial ដែលបណ្តាលឲ្យពិដានមន្ទីរពេទ្យបានដួលរលំ រហូតដល់បុគ្គលិកត្រូវប្រញាប់ជម្លៀសអ្នកជំងឺចេញពីអាគារជាបន្ទាន់។

ក្នុងនោះក៏មានក្រុមអ្នកជួយពន្លត់អគ្គិភ័យនាំយករថយន្តទឹកមកធ្វើការគ្រប់គ្រងភ្លើងយ៉ាងប្រញាប់ប្រញាល់។

ទោះជាយ៉ាងណាក្រុមមន្ត្រីមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត និងបានបញ្ជាក់ថាមនុស្សចំនួន ១៩ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញ បើតាមអ្នកនាំពាក្យទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់បានបន្ថែមថា រថយន្តដឹកប្រេង នេះបានឆាបឆេះដោយសារការកកិតនឹងស្ពានរហូតបង្កការផ្ទុះមួយកើតឡើង ហើយការខូចខាតកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ត៕ ប្រភព៖ Thairath