អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសលោកខាងលិច ចំពោះការព្យាយាម «បំបែក» រុស្ស៊ីជាផ្នែកតូចៗ នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ កាលពីល្ងាចថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន​​ បាននិយាយថា«ចំណុចសំខាន់នៃរឿងទាំងអស់នេះ គឺជាគោលនយោបាយរបស់គូប្រជែងភូមិសាស្ត្រនយោបាយរបស់រុស្ស៉ី ដែលមានគោលបំណងបំបែកប្រទេសរុស្ស៊ីជាប្រវត្តិសាស្ត្រ»។

លោកបាននិយាយបន្តថា «ពួកគេ (លោកខាងលិច)បានព្យាយាម បំបែក និងគ្រប់គ្រង …ប៉ុន្តែ គោលដៅរបស់យើងគឺអ្វីផ្សេងទៀត – ដើម្បីបង្រួបបង្រួមប្រជាជនរុស្ស៊ី»។

លោក ពូទីន បានប្រើគំនិតនៃ «រុស្ស៊ីជាប្រវត្តិសាស្ត្រ» ដើម្បីជជែកវែកញែកថា អ៊ុយក្រែន និងរុស្ស៊ី ដើមឡើយជាប្រទេសតែមួយ និងជាប្រជាជនតែមួយ ដោយបង្ហាញពីភាពត្រឹមត្រូវ ចំពោះការវាយលុកលុយរយៈពេល ១០ខែរបស់គាត់នៅអ៊ុយក្រែន។

លោក ពូទីន បាននិយាយទៀតថា«យើងកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ យើងកំពុងការពារផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រជាជនរបស់យើង»។

ទោះជាយ៉ាងណា ប្រធានាធិបតីរុស្ស៉ីរូបនេះបានអះអាងម្តងទៀតថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីចរចា (ដើម្បីស្វែងរក) ដំណោះស្រាយដែលអាចទទួលយកបាន ជាមួយអ្នកលេងទាំងអស់ នៅក្នុងដំណើរការដើម្បីដោះស្រាយជម្លោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌូមៀ ហ្សាលេនស្គី ​(Volodymyr Zelensky) បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីការវាយលុកបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ដោយបានទទួលការសន្យាផ្តល់ការគ្រាំទ្រយ៉ាងមុតមាំ ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) រួមទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់មន្ទីរបញ្ចកោណផងដែរ​ ៕