ប្រទេសថៃ៖ ពិតជាគួរឱ្យចាប់អារម្មណ៍ក្រោយសម្រាប់រដូវរងានេះ ក្រោយពីមានការបើកនូវសកម្មភាពបោះជំរុំសម្រាប់ភ្ញៀវទេសចរនៅសួនសត្វ Khao Kheow Open Zoo ដើម្បីមានឱកាសក្នុងការបានទស្សនាមើលទេសភាពដ៏ស្រស់ស្អាត ជាពិសេសបានឃើញជាមួយនឹងសត្វព្រៃធំៗនៅទីនេះ។

សួនសត្វ Khao Kheow Open Zoo ក្នុងខេត្ត Chonburi នឹងអនុញ្ញាតបើកឱ្យភ្ញៀវអ្នកទេសចរ អាចបោះតង់មើលសត្វនៅពេលយប់រៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យពេញមួយខែធ្នូនេះ។

ជាពិសេសក្នុងឱកាសចូលឆ្នាំសកល នៅយប់ថ្ងៃទី ៣១ ខែធ្នូ ដែលជាយប់រាប់ថយក្រោយនៃថ្ងៃចូលឆ្នាំ សកល ស្វាគមន៍ឆ្នាំថ្មីពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។

ជាមួយគ្នានោះសួនសត្វដ៏ធំមួយនេះនឹងផ្តល់ជូនជាពិសេសនូវការបញ្ចាំងភាពយន្ត នៅកណ្តាលភ្នំ ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយបំផុត ដោយមានខ្យល់ពោរពេញដោយភាពត្រជាក់ នៅកណ្ដាលធម្មជាតិសុទ្ធ និងត្រូវបានគេចាត់ទុកថាជាចំណុចសម្រាប់ការមកកម្សាន្តដ៏សំខាន់ក្នុងឆ្នាំនេះ។

ជាពិសេសអ្នកអាចមកជួលកន្លែងសម្រាប់បោះតង់ដើម្បីមកសម្រាក់ មើលទេសភាព និងសម្រស់ធម្មជាតិ ជាពិសេសជាមួយនឹងបទពិសោធក្នុងការមានឱការមើលឃើញសត្វព្រៃនៅពេសយប់យ៉ាងអស្ចារ្យ។

ក្នុងនោះតម្លៃក្នុងការបោះតង់នៅទីនេះគឺ ៦៥០ បាតសម្រាប់មនុស្សពេញវ័យក្នុង១ យប់ ប៉ុន្តែត្រូវនាំយកតង់ និងឧបករណ៍ផ្ទាល់ខ្លួនក្នុងនោះអ្នកចូលទស្សនាសួនសត្វដោយឥតគិតថ្លៃនៅពេលថ្ងៃ៕ ប្រភព៖ Sanook