ភ្នំពេញ៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែ, ខេត្តកំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅតាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។ បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ជាមួយគ្នានេះដែរ ថ្លែងក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប​ង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

លោក​បណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

«យើងនាំតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង ១០រទេះភ្លើង បាន១នាវា ដូច្នេះ មាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង»។

គួរជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕