បរទេស៖ ជនជាតិស្វីសវ័យក្មេងពីរនាក់ បានបង្ហាញនូវភាពភ្ញាក់ផ្អើល ដោយបានជីកកកាយយកនូវគំរូរថយន្ត តូចពីសម័យបុរាណកាលពីទសវត្សរ៍ ឆ្នាំ ១៩៥០ មកកែប្រែវាឡើងវិញ ក្លាយជារថភ្លើងអគ្គិសនីខ្នាតតូច ថ្មីសម្រាប់ផលិតចូលទៅក្នុងនិន្នាការនៃទីផ្សាររថយន្តពិភពលោក។

កាលពីពេលថ្មីៗកន្លងទៅនេះមានបងប្អូនជនជាតិស្វីសដែលមានឈ្មោះថា Oliver និង Merlin Uboter ដោយអ្នកទាំងពីរបានបង្ហាញនូវភាពអស្ចារ្យ ក្រោយពីបានបង្កើតគម្រោងរថយន្តអគ្គិសនីខ្នាតតូច ផលិតក្រោមឈ្មោះក្រុមហ៊ុន Microlino AG ។
ពួកគេបានមានគំនិតកែសម្រួលរថយន្តពីម៉ូដែលរថយន្តខ្នាតតូចបុរាណកាលពីទសវត្សរ៍ឆ្នាំ១៩៥០ ដោយដាក់ម៉ាស៊ីនឡានអគ្គិសនីចូលក្នុងនោះ។
ក្នុងនោះគំរូដើមនៃរថយន្តពីបុរាណ Microcar ដែលមានមូលដ្ឋានលើវាគឺ BMW Isetta ដែលមានរហស្សនាមថា “Bubble car” ដែលជាយានជំនិះមានរាងពងក្រពើ មានកង់ត្រឹមតែបី ប៉ុន្តែនៅពេលដែលបងប្អូន Uboter សម្របវាពួកគេបានបន្ថែមកង់មួយទៀតវាបានក្លាយជាយានជំនិះតូចមានកង់បួនដែល មានឈ្មោះថា Microlino 2.0។
ជាមួយគ្នានោះរថយន្តខ្នាតតូច Microlino 2.0 នេះនឹងប្រើម៉ូទ័រអេឡិចត្រិច ១២.៥ kW ជំនួសឱ្យម៉ាស៊ីនសាំងចាស់ ដែលមានចម្ងាយរត់អតិបរមា ២៣០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
បន្ថែមពីនោះវាក៏ជាយានជំនិះដែលមានទម្ងន់ស្រាលបំផុតត្រឹមតែ ៤៦៩ គីឡូក្រាម និងមានប្រវែង ២.៥ ម៉ែត្រ អាចផ្ទុកមនុស្សមាន២នាក់ ហើយវាអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃដំណើរការផលិត និងធ្វើឱ្យងាយស្រួលក្នុង ធ្វើដំណើរ និងការចតរថយន្ត នៅពេលដែលកន្លែងចតរថយន្តមានកំណត់។
បើតាមការឱ្យដឹងពីប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Microlino AG បន្ថែមថា ដោយសារតែរថយន្ត Microlino 2.0 ជារថយន្តតូចជាងរថយន្តធម្មតា ដោយវាប្រើសម្ភារៈតិចក្នុងការផលិត ហើយថ្មរបស់វាតូចជាង ដែលមានន័យថាវាស៊ីភ្លើងតិច ដូច្នេះវាមានដានអេកូឡូស៊ី (បរិមាណនៃផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីសកម្មភាព) គឺត្រឹមតែ ១ភាគ៣ នៃការប្រើប្រាស់រថយន្តធម្មតាទៅទៀត។

យ៉ាងណាមិញរថយន្តប្រភេទថ្មី Microlino 2.0 ឥឡូវនេះបានទទួលការកក់ច្រើនជាង ៣៥,០០០ ហើយរថយន្តនេះនឹងត្រូវបានសាងសង់នៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែទីស្នាក់ការកណ្តាលនៅតែស្ថិតនៅក្នុង Kusnacht ប្រទេសស្វីស ហើយសម្រាប់តម្លៃលក់អតិបរមា ១៥,០០០ ហ្វ្រង់ស្វីស ឬប្រហែល ១៥,១១៩ដុល្លារ៕ ប្រភព៖ Dailynews












