បរទេស៖ កោះចម្លែកដែលគេស្គាល់ថាជា “កែវភ្នែក” ស្ថិតនៅក្នុងព្រៃនៃប្រទេសអាហ្សង់ទីន វាបានក្លាយជាអាថ៌កំបាំងនិងក្លាយជាចម្ងល់ ដែលគ្នាននរណាម្នាក់អាចដោះស្រាយអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែកោះមួយនេះ មិនត្រឹមតែអាចអណ្តែតប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្លាស់ទី និងវិលជុំវិញក្នុងរង្វង់នៃទឹកដែលព័ទ្ធនៅជុំវិញនោះយ៉ាងសកម្មផងដែរ។

ប្រទេសអាហ្សង់ទីនមានទន្លេមួយដ៏វែងមានឈ្មោះថា Parana វាមិនត្រឹមតែជាទន្លេដែលវែងជាងគេ ប៉ុណ្ណោះទេ ប៉ុន្តែវាមានប្រវែង ៤,៨៨០ គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចំនួន ៣ គឺប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន វាត្រូវបានគេដឹងថាបានលាក់កំបាងដោយរឿងចម្លែក និងអាថ៌កំបាំងមួយចំនួន។

ក្នុងនោះអាថ៌កំបាំងមួយដែលអ្នករុករកនៅលើទន្លេនេះមានចម្ងល់និងចម្លែងចិត្តជាមួយនឹង កោះដីសណ្តដែលត្រូវបានគេហៅថាកោះ “កែវភ្នែក” (El Ojo) (ជាភាសាអេស្ប៉ាញ) ព្រោះមិនត្រឹមតែកោះនេះមានអង្កត់ផ្ចិតប្រហែល ១២០ ម៉ែត្រប៉ុណ្ណោះទេ តែវាមានរាងជារង្វង់ស្ទើរតែល្អឥតខ្ចោះ។

លើសពីនេះអ្វីដែលកាន់តែអស្ចារ្យវាក៏ជាកោះអណ្តែតទឹកដែលអាចធ្វើចលនាដោយខ្លួនឯកបានដែរ ដោយវាវិលជុំវិញរាងកាយស្វ៊ែរនៃទឹកដែលព័ទ្ធជុំវិញវា រហូតដល់វាមើលទៅហាក់ដូចជារង្វង់ត្រួតពីលើគ្នា។

ទោះជាយ៉ាងណាភាពអស្ចារ្យ និងចម្លែកនេះ នាពេលបច្ចុប្បន្ននៅមិនទាន់មានអ្នកស្រាវជ្រាវណាអាចផ្ដល់នូវចម្លើយច្បាស់លាស់នៅឡើយ ថាតើវាមានចលនាបែបនេះដោយរបៀបណា?

គួរបញ្ជាក់ផងដែរថាកោះនេះត្រូវបានរកឃើញដោយលោក Sergio Neuspiller  ដែលលោកជាអ្នកដឹកនាំរឿងអាហ្សង់ទីន បន្ទាប់ពីរូបគាត់បានធ្វើដំណើរស្វែងរកទីតាំងកោះ សម្រាប់សម្ដែងក្នុងភាពយន្តរឿងមនុស្សក្រៅភព និង អព្ភូតហេតុ។

បន្ថែមពីនោះលោក Neuspiller បានបញ្ជាក់ថាលោក គ្រោងនឹងប្រើកោះនេះជាទីតាំងថតរឿង ប៉ុន្តែពេលត្រឡប់មកវិញម្ដងទៀតក៏រកឃើញថាវាមានលក្ខណៈ និងទ្រង់ទ្រាយមិនដូចគ្នាទេ ដោយកោះនេះបានផ្លាស់ទីតាំងដើម។

យ៉ាងណាមិញភស្តុតាងនៃការបង្ហាញពីសមត្ថភាពរបស់កោះនេះក្នុងការ “ផ្លាស់ទី និងបង្វិល” ជុំវិញគឺមានភាពងាយស្រួលក្នុងការសម្គាល់ តាមរយៈរូបភាពពីលើអាកាសពីប្រព័ន្ធ Google Earth នៅពេលប្រៀបធៀបរូបភាពក្នុងកាលបរិច្ឆេទ និងពេលវេលាផ្សេងៗគ្នាដែលបញ្ជាក់យ៉ាងច្បាស់ថា វាជាភស្តុតាងកោះកំពុងតែផ្លាស់ទីពិតប្រាកដ៕ ប្រភព៖ Dailynews