រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ រុស្ស៊ី នៅតែបន្ដវាយប្រហារយ៉ាងខ្លាំង ប្រឆាំងនឹងអ៊ុយក្រែន ដោយការបាញ់ពីចម្ងាយ ដើម្បីបញ្ចៀសពីការខូចខាត ដល់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 ឬ Tu-95 ហោះហើររយៈចម្ងាយឆ្ងាយ ប៉ុន្ដែប្រព័ន្ធបាញ់ទម្លាក់មីស៊ីលដ៏ទំនើប PAC-3 របស់សហរដ្ឋអាមេរិក នឹងអាចធ្វើឲ្យមានការប្រែប្រួលស្ថានការណ៍សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។
សារព័ត៌មាន The Eurasia Times បានផ្សាយ ថា បើតាមការធ្វើបច្ចុប្បន្នភាពរបស់ទីភ្នាក់ងារចារកម្ម ចក្រភពអង់គ្លេស បានឲ្យដឹង ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ប្រហារមីស៊ីល រាប់សិបគ្រាប់ ទៅលើរដ្ឋធានីកៀវ ដែលជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ នៅក្នុងសង្គ្រាមនេះ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បានធ្វើឲ្យប៉ះពាល់ដល់ថាមពលយ៉ាងធ្ងន់ធ្ងរបំផុត នៅទូទាំងប្រទេស។ នេះជាការវាយប្រហារទ្រង់ទ្រាយធំ ពីចម្ងាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ ថា រលកនៃការវាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន នេះ ភាគច្រើន បាញ់មីស៊ីលគ្រូស ពីលើអាកាស និង បាញ់ចេញពីសមុទ្រ ប៉ុន្តែក៏បានរាប់បញ្ចូលស្ទើរតែទាំងស្រុង ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនអត្ដឃាតរបស់អ៊ីរ៉ង់ Shahed-136 ផងដែរ។ ជាមួយគ្នានេះដែរ កម្លាំងទាហានរុស្ស៊ី ក៏ទំនងជាទទួលបានមីស៊ីលផ្លោង ពីប្រទេសអ៊ីរ៉ង់ ដែលជាអាវុធវាយប្រហារយ៉ាងសាហាវ យកមកប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះ កំពុងតែប្រយុទ្ធ ដោយមិនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ សម្រាប់ស្ទាក់ចាប់ និង បាញ់ទម្លាក់មីស៊ីលផ្លោងរបស់កម្លាំងទាហានក្រុងមូស្គូ។
សារព័ត៌មាន The Eurasian Times បានរាយការណ៍ ថា សហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលចុងក្រោយ នៅក្នុងការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែន។ សេចក្ដីរាយការណ៍ចុងក្រោយបង្អស់ បានបង្ហាញ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណ លើការបំពាក់អាវុធ ដល់ក្រុងកៀវ ជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ។
បើតាមសារព័ត៌មាន Politico បានរាយការណ៍ ថា ឥឡូវនេះ ប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ជាជម្រើសមួយ នៅក្នុងជម្រើសជាច្រើនទៀត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែគិតពិចារណា នៅក្នុងការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់ក្រុងកៀវ អាចស្ទាក់ចាប់មីស៊ីលបាល្លិស្ទីករបស់រុស្ស៊ី វាយប្រហារ ទៅលើដែនដីរបស់ខ្លួន។
ជម្រើសមួយផ្សេងទៀត សម្រាប់ក្រុមមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺជួលក្រុមហ៊ុន បច្ចេកវិទ្យា Raytheon Technologies (រ៉ៃថោន តិចនិកឡូជី) ជាអ្នកផលិតដ៏សំខាន់ នៅក្នុងវិស័យការពារជាតិរបស់ប្រទេសមហាអំណាចកំពូលនៅលើពិភពលោក សម្រាប់អភិវឌ្ឍគ្រឿងសឹកថ្មីៗ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ អាចនឹងត្រូវចំណាយពេលរាប់សិបឆ្នាំបន្ដទៀតផងដែរ។
ជាមួយនឹងការខឹងសម្បា ជុំវិញសេចក្ដីរាយការណ៍នោះ ស្ថានទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ ថា ការលក់ប្រព័ន្ធការពារដែនអាកាស Patriot ដ៏មានសក្តានុពល ទៅឲ្យប្រទេសអ៊ុយក្រែន នឹងក្លាយជាសកម្មភាពយ៉ាងគឃ្លើនមួយទៀតរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ហើយអាចនឹងមាន«ផលវិបាកមិនអាចទាយទុកជាមុនបាន»។ បើទោះជាមានការព្រមានបែបនេះយ៉ាងណាក្ដី ប៉ុន្ដែសហរដ្ឋអាមេរិក ក៏នៅតែមិនមានការខ្វល់ខ្វាយនឹងការលើកឡើងរបស់រុស្ស៊ី នោះដែរ។
ដោយឡែក សមត្ថភាពរបស់មីស៊ីលការពារដែនអាកាស Patriot បាញ់ទម្លាក់មីស៊ីលបាល្លិស្ទីក នោះ ទំនងជាមិនត្រូវបានអាជ្ញាធរយោធារុស្ស៊ី យកចិត្តទុកដាក់នោះឡើយ។ ប៉ុន្ដែប្រសិនបើប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសនោះ ក្រុងកៀវ នឹងអាចទប់ស្កាត់រាល់ការបាញ់ផ្លោងមីស៊ីលរបស់រុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព។
ផ្ទុយទៅនឹងមីស៊ីលផ្លោងរបស់រុស្ស៊ី ដូចជា Iskander (អ៊ីស្កាន់ដឺរ) ដែលធ្វើសមយុទ្ធ សម្រាប់បញ្ចៀសការស្ទាក់ចាប់កាំជ្រួចដែលមានដើមកំណើត ចេញពីប្រទេសអ៊ីរ៉ង់ ដូចជា Fateh-110 (ហ្វាតាស-១១០) និង Zolfaghar (ហ្សូលហ្វាហ្កា) ដែល បាញ់បានចម្ងាយ ចន្លោះពី៣០០ និង ៧០០ គីឡូម៉ែត្រ អាចនឹងត្រូវបាញ់ទម្លាក់ ដោយប្រព័ន្ធ Patriot PAC-3 ។ បច្ចុប្បន្ន មីស៊ីលការពារដែនអាកាស PAC-3 ត្រូវបាននាំចេញ ទៅកាន់ប្រទេសអាល្លឺម៉ង់ ជប៉ុន គុយវ៉ែត តៃវ៉ាន់ និង ហូល្លង់ដ៍។
ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់កងទ័ពអាមេរិក Patriot អាចឆ្លើយតបយ៉ាងរហ័ស ហើយវាមានកម្លាំងបាញ់ មិនគួរឱ្យជឿ ជាមួយនឹងសមត្ថភាព តាមដានគោលដៅជាច្រើន នៅក្នុងពេលតែមួយ ហើយវាអាចស្ទាក់ចាប់គោលដៅ រហូតដល់រយៈកម្ពស់៤០គីឡូម៉ែត្រ។
កាលពីពេលថ្មីនេះ កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាទិញប្រព័ន្ធមីស៊ីលនេះ ប្រហែល១៨០គ្រឿង ក្នុងមួយឆ្នាំៗ។ នៅឆ្នាំ២០២៣ ចំនួននេះនឹងកើនឡើង រហូតដល់២៥២គ្រឿង នៅក្នុងតម្លៃ ១,០៣៧ពាន់លានដុល្លារ។ មួយវិញទៀត ឥឡូវនេះ រុស្ស៊ី កំពុងតែដាក់ពង្រាយដ្រូនមានតម្លៃថោកៗ និង មីស៊ីលផ្លោងថោកជាង ដែលក្រុងមូស្គូ គ្រោងនឹងទិញពីអ៊ីរ៉ង់។ ដូច្នេះការចំណាយនេះ នឹងមានតម្លៃខុសគ្នាឆ្ងាយខ្លាំងណាស់៕










