បរទេស៖ ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ជាពិសេសនៅក្នុងរដ្ឋ Terengganu ដោយថ្មីៗនេះមានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់ ដែលជាក្មេងស្រីអាយុទើបតែ ២ឆ្នាំ។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍ពីប្រទេសម៉ាឡេស៊ីដែលនៅតែប្រឈមមុខនឹងរដូវមូសុង បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ នៅតំបន់ជាច្រើនក្នុងប្រទេស ជាពិសេសនៅក្នុងខេត្ត Kelantan និង Terengganu។
ជាមួយគ្នានោះមានសេចក្តីរាយការណ៍ចុងក្រោយនៃការស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះដោយមានក្មេងស្រីអាយុទើបតែ ២ ឆ្នាំម្នាក់បានស្លាប់ដែលគេដឹងថាបានធ្លាក់ពីលើផ្ទះរបស់នាងហើយលង់ទឹក ខណៈពេលដែលម្តាយមីងរបស់ក្មេងស្រីនេះរវល់ជាមួយការជម្លៀសរបស់របរទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ន។
ប្រភពដដែលបានបញ្ជាក់ថាកម្ពស់ទឹកនៅក្នុងតំបន់បានបន្តកើនឡើង ហើយថ្មីៗនេះខេត្ត មួយចំនួនទៀតបានបិទផ្លូវអស់ជាច្រើនខ្សែដោយសារទឹកជំនន់ខ្លាំង។
ក្នុងនោះគេរំពឹងថាស្ថានភាពទឹកជំនន់លើកនេះទំនងជាមានសភាពធ្ងន់ធ្ងរជាងទឹកជំនន់លើកមុននៅ ដើមខែនេះដោយភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតជាបន្តបន្ទាប់។

ទោះជាយ៉ាងណាអាជ្ញាធរម៉ាឡេស៊ីបានព្រមានប្រជាជនឲ្យតាមដានព័ត៌មានទាក់ទងនឹងគ្រោះទឹកជំនន់នេះ និង តាមដានស្ថានការណ៍ឲ្យបានដិតដល់។ ព្រោះគេរំពឹងថារដូវមូសុងនឹងនៅតែមានភ្លៀង ធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ជាពិសេសឪពុកម្តាយដែលជាកូនតូច គួរតែមើលថែកូនយ៉ាងយកចិត្តទុកដាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងរដូវទឹកជំនន់បែប៕ ប្រភព៖ Thairath











