អន្តរជាតិ៖ ការិយាល័យរបស់មន្ទីរប៉ង់តាហ្គោនថ្មី ដែលបង្កើតឡើងដើម្បីតាមដានរបាយការណ៍នៃវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណ ឬ UFO បានរាយការណ៍ថា ខ្លួនបានទទួលរបាយការណ៍ថ្មីៗរាប់រយរហូតមកទល់ពេលនេះ នេះបើតាមថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារបានឱ្យដឹងកាលពីថ្ងៃសុក្រ។ ការិយាល័យ All-domain Anomaly Resolution Office (AARO) ត្រូវបានបង្កើតកាលពីខែកក្កដា និងទទួលខុសត្រូវមិនត្រឹមតែ UFO នៅលើមេឃប៉ុណ្ណោះទេ ប៉ុន្តែនៅក្រោមទឹក ឬក្នុងលំហរ ក៏ដូចជា UFO ដែលបង្កើតដោយយោធា។ កន្លងមកអ្នកបើកបរយន្តហោះបានឃើញ UFO ជាច្រើន ប៉ុន្តែពួកគេមិនដែលបានរាយការណ៍ឱ្យបានច្រើននោះទេ ដោយសារខ្លាចថាគ្មានអ្នកជឿ ឬខ្មាសគេ ដែលជាហេតុនាំឱ្យមានការបង្កើតការិយាល័យមួយនេះ។

នៅខែមិថុនា ឆ្នាំ២០២១ លោក Sean Kirkpatrick មកពីការិយាល័យនាយកស៊ើបការណ៍ជាតិបានឱ្យដឹងថា ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០២១ មានការជួបវត្ថុចម្លែកបែបនេះ ១៤៤ ករណី ដែល ៨០ ក្នុងចំណោមនោះ ត្រូវបានចាប់យកនៅលើឧបករណ៍ចាប់សញ្ញាច្រើនដង។ ម្យ៉ាងទៀត ក្រៅពីវត្តមានរបស់ UFO ពួកគេក៏មានការព្រួយបារម្ភពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបក្នុងវិស័យយោធា ដូចជា៖ យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង ដ្រូនគ្មានមនុស្សបើក និងមីស៊ីលឿនជាងសំឡេង Hypersonic ដែលទាំងសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងបង្កើនការផលិតដូចគ្នា ហើយវាអាចច្រឡំថាជា UFO ក៏ថាបាន។

លោក Kirkpatrick បាននិយាយថា ការិយាល័យ AARO បាននឹងកំពុងសម្របសម្រួលជាមួយមន្ទីរបញ្ចកោណ និងសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ដើម្បីទទួលបានបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងយន្តហោះ ឬដ្រូនទាំងនោះ។ ជម្រាបដែរថា កាលពីខែឧសភានេះ សភាអាមេរិកក៏បានបើកសវនាការលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងកន្លះសតវត្ស លើប្រធានបទទាំងអស់នេះ ស្របពេលឥទ្ធិពលរបស់រុស្ស៊ី និងចិន កាន់តែមានសន្ទុះឡើង ជាពិសេសការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន៕