ស្របពេលនេះបេក្ខជនកំពុងទន្ទឹងរងចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន ដោយឡែកក៏មានបេក្ខជនខ្លះក៏កំពុងរិះគិតថាគួរបន្តការសិក្សា ឬបញ្ចប់់ និងខ្លះក៏កំពុងគិតរកមុខវិជ្ជាណាដែលខ្លួនជ្រើសចង់រៀនបន្តនៅសាកលវិទ្យាល័យ សម្រាប់អនាគតនាពេលទៅមុខបន្តទៀត។

ដូច្នេះតើថាយុវជនត្រូវយល់ដឹងពីអ្វីខ្លះមុននឹងសម្រេចចិត្តជ្រើសរើសយកជំនាញអ្វីមួយ?

1.ចំណុចខ្លាំង និងខ្សោយរបស់ខ្លួន

មុននឹងជ្រើសរើសមុខវិជ្ជាណាមួយ សិស្សានុសិស្សត្រូវពិភាក្សាជាមួយអ្នកធ្លាប់មានបទពិសោធន៍ឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យ ឬពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់របស់សាលកលវិទ្យាល័យណាមួយដែលអ្នកសិក្សាពេញចិត្ត ដើម្បីឱ្យដឹងថាភាពខ្លាំងរបស់អ្នកសិក្សា ស៊ីជាមួយនឹងមុខវិជ្ជាណាមួយ។

2.ប្រឹក្សាយោបល់ជាមួយអ្នកធ្លាប់រៀនលើមុខវិជ្ជាដែលខ្លួនស្រឡាញ់

អ្នកសិក្សាអាចព្យាយាមសាកសួរអ្នករៀនមុនៗលើមុខវិជ្ជាដែលខ្លួនពេគចិត្ត ថាតើមុខវិជ្ជានេះមានឱកាសការងារយ៉ាងដូចម្តេច ឬពេលរៀនមានបញ្ហាអ្វីដែលអាចនឹងប្រឈមជាដើម។

3.ត្រូវដឹងពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ

មុននឹងចំណាយរយៈពេល ៤ ឬ ១០ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រមួយនេះ អ្នកត្រូវដឹងថាឱកាសរីកចម្រើននៃការងារ ឬ វិស័យដែលពាក់ព័ន្ធនឹងជំនាញដែលអ្នកនឹងជ្រើសរើសមានខ្ពស់កម្រិតណា។

4.លទ្ធភាពគ្រួសារ

មុនជ្រើសរើសជំនាញ អ្នកក៏ត្រូវដឹងពីធនធានរបស់គ្រួសារផងដែរ។ ប្រសិនបើជីវភាពគ្រួសារអ្នកខ្សត់ខ្សោយ អ្នកគួរតែជ្រើសរើសរៀនជំនាញណាដែលមានរយៈពេលខ្លីសមរម្យ និងមិនចំណាយថវិការច្រើនពេកទៅលើសម្ភារៈសិក្សាដែរ ព្រោះវាអាចធ្វើឱ្យគ្រួសារអ្នក និងអ្នកមានសម្ពាធរហូតដល់អាចនឹងបោះបង់ការសិក្សាបាន។

5.ការជ្រើសរើសសកលវិទ្យាល័យ

គួរស្វែងយល់ពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត និងត្រឹមត្រូវតាមគោលបំណងនៃការសិក្សារបស់ខ្លួន។ ត្រូវស្វែងយល់ទៀតថាតើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនោះមានឈ្មោះល្បីឬមានការទទួលស្គាល់បែបណាមុននឹងសម្រេចិត្តជ្រើសរើសមុខវិជ្ជាណាមួយសិក្សានៅសាកលវិទ្យាល័យនោះ៕