ភ្នំពេញ៖ សង្ស័យ៥នាក់ ត្រូវបានឃាត់ខ្លួន ជុំវិញករណីយកគ្រាប់បែកទៅដាក់នៅក្បែររដ្ឋសភា ហើយសមត្ថកិច្ចកំពុងសាកសួរ ដើម្បីស្រាវជ្រាវបន្ថែមទៀត។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យ និងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយសង្ស័យថា ជាប់ព័ន្ធនឹងករណីយកគ្រាប់បែកទៅប្លុងចោលនៅក្បែររដ្ឋសភា។ ក្នុងចំណោមពួកគេ មានជនជាតិចិន៤នាក់ និងមានខ្មែរម្នាក់។
«អាចបញ្ជាក់បានថា ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤រូប និងខ្មែរ១រូប ហើយស្ថិតក្នុងការសាកសួរ ក្នុងនាមជាជនសង្ស័យ»។ នេះជាការអះអាងរបស់ លោក ឆាយ គឹមខឿន ហើយសុំមិនលម្អិតលើព័ត៌មានផ្សេងទៀតឡើយ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម។
សូមជម្រាបថា មានករណីភ្ញាក់ផ្អើលមួយ កើតឡើងនៅជិតរដ្ឋសភា និងជិតក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នោះគឺការប្រទះឃើញគ្រាប់ដៃមួយគ្រាប់។ គ្រាប់បែកដៃមួយគ្រាប់នោះ ត្រូវបានជនមិនស្គាល់មុខ បង្កប់ក្នុងនំខេក ហើយយកទៅលាក់ទុកជិតរដ្ឋសភា និងជិតក្រុមហ៊ុនណាហ្កាវើលដ៍៕










