បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រៀមចេញវិធានការគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ដោយផ្តល់ការឧបត្ថម្ភដល់ប្រជាជនដែលទិញរថយន្តអគ្គិសនីលើសពី ៥,០០០ ដុល្លារ ហើយនឹងរួមបញ្ចូលម៉ូតូអគ្គិសនី និងរថយន្តកូនកាត់ផងដែរ។

នាពេលថ្មីៗនេះតាមរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី បានឱ្យដឹងថារដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹង ចេញវិធានការជំរុញការទិញរថយន្តអគ្គិសនី រួមទាំងម៉ូតូអគ្គិសនី និងរថយន្តកូនកាត់ ដោយវិធានការនេះខ្លួនសង្ឃឹមថានឹងកាត់បន្ថយការបំភាយខ្យល់កខ្វក់។

ដោយវិធានការជំរុញការទិញរថយន្តអគ្គិសនីនេះរដ្ឋាភិបាលគ្រោងនឹងឧបត្ថម្ភធនជាង ៥,០០០ ដុល្លារសម្រាប់ការទិញរថយន្តអគ្គិសនី ឬច្រើនជាង ៤៩០០ដុល្លារ សម្រាប់រថយន្តអគ្គិសនីដែលបានលក់ ព្រមទាំងសំណងចំនួន ៤០ លានរូពី ឬជិត ២៥០០ ដុល្លារសម្រាប់រថយន្តកូនកាត់ និង ៨ លានរូពី  ឬប្រហែល ៤០០ដុល្លារ សម្រាប់ម៉ូតូអគ្គិសនី ដែលវិធានការឧបត្ថម្ភនេះធ្វើទៅតាមការបញ្ចុះតម្លៃនៃការទិញយានជំនេះនីមួយៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឧបត្ថម្ភនេះនឹងមានសម្រាប់តែការទិញ រថយន្តអគ្គិសនី ពីក្រុមហ៊ុនដែលមានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានបំណងឱ្យមានការប្រើប្រាស់ ម៉ូតូអគ្គិសនី ក្នុងស្រុកយ៉ាងហោចណាស់ ១.២ លានគ្រឿង និងរថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣៥,០០០ គ្រឿងនៅឆ្នាំ ២០២៤ ។

យ៉ាងណាមិញគេនៅមិនទាន់បានផ្តល់ពីពេលវេលាច្បាស់លាស់ណាមួយសម្រាប់ការអនុវត្តវិធានការនេះ និងអំពីប្រសិទ្ធភាពនោះនៅឡើយទេ។ ជាមួយគ្នានោះគេក៏មិនបានបង្ហាញពីចំនួនថវិកាសរុបដែលរដ្ឋាភិបាលត្រៀមនឹងចំណាយលើគម្រោងនេះទេ ខណៈដែលលោកទេសរដ្ឋមន្ត្រី Luhut Binsar Pandjaitan បានបង្ហើបថា គម្រោងនេះប្រហែលជាចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខនេះ៕ ប្រភព៖ Thairath