បរទេស៖ ការផ្ទុះភ្នំភ្លើង “Lascar” ដែលជាទីតាំងនៃកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឈីលី បង្កឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងផេះខ្មួលខ្មាញ់បានបង្កើតជាផ្សែងហុយឡើងកម្ពស់ ៦.០០០ ម៉ែត្រ រហូតមន្ត្រីក្នុងតំបន់បានប្រកាសកម្រិតអាសន្ន និងបានបញ្ជាឱ្យបិទផ្លូវទេសចរណ៍ឡើងទៅលើភ្នំភ្លើងជាបណ្ដោះអាសន្ន។

កាលពីថ្ងៃទី១១ ​ខែធ្នូ ឆ្នាំ២០២២ ​ ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា ភ្នំភ្លើង “Lascar” (Lascar) នៅលើជួរភ្នំ Andes  នៅភាគខាងជើងនៃប្រទេសឈីលី ផ្សែង និងផេះបានផ្ទុះឡើងក្នុងចម្ងាយ ជាង ៦.០០០ ម៉ែត្រទៅលើអាកាសដែលនេះជាការផ្ទុះដំបូងក្នុងរយៈពេល ៣០ឆ្នាំ ។

អាជ្ញាធរឈីលីបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើង ពីពណ៌បៃតងទៅជាពណ៌លឿង ជាពិសេសនៅ តំបន់តាឡាបឺរ និង Antofagasta ដែលជាទីក្រុងតូចមួយមានចម្ងាយត្រឹមតែ ១២ គីឡូម៉ែត្រពីភ្នំភ្លើង ហើយបានប្រកាសតំបន់ហាមឃាត់ក្នុងរង្វង់ ៥ គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង។

ជាមួយគ្នានោះទីភ្នាក់ងារភូគព្ភសាស្ត្រ និងរ៉ែរបស់ប្រទេសឈីលី បាននិយាយថាការរញ្ជួយដីកម្រិតស្រាលត្រូវបានគេរាយការណ៍ថាមាននៅក្នុងតំបន់ជាច្រើននៅជិតភ្នំភ្លើង ប៉ុន្តែសំណាងល្អមិនមានសេចក្តីរាយការណ៍អំពីការខូចខាតណាមួយឡើយ។

គួរបញ្ជាក់ថា្នភ្នំភ្លើង Lascar ស្ថិតនៅចម្ងាយត្រឹមតែ ៧០ គីឡូម៉ែត្រពីទីក្រុង San Pedro de Atacama ដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយ វាតែងតែត្រូវបានភ្ញៀវទេសចរជាច្រើនមកទស្សនាសម្រាប់ការឡើងភ្នំ និងទស្សនាវាលខ្សាច់ Atacama ដ៏ស្រស់ស្អាត ប៉ុន្តែវាជាកន្លែងស្ងួតបំផុតនៅលើផែនដីនេះ៕ ប្រភព៖ Thairath