ប្រទេសថៃ៖ ពិតជាគួរឱ្យរន្ធត់ចិត្តកូនលំលោះក្រាបសំពះសំទោសឪពុកម្ដាយកូនក្រមុំ ក្រោយពីឡានរបស់ខ្លួនបានបុកកូនក្រមុំនៅមុខហាងមួយកន្លែងយ៉ាងពេញទំហឹង ក្រោយកូនកំលោះបើកមកទទួលកូនក្រមុំ ប៉ុន្តែត្រូវបានឡានសាំយ៉ុងមួយគ្រឿងមកបុកពីក្រោយឡានរបស់ខ្លួន រហូតជ្រុលទៅបុកកូនក្រមុំតែម្ដង។

កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងទៅលើគូស្នេហ៍ មួយគូដែលត្រៀមនឹងរៀបការនៅថ្ងៃខាងមុខឆាប់ៗ តែជាអកុសល្យខាងកូនក្រមុំ ត្រូវបានទទួលមរណៈភាពដោយសារតែជួបគ្រោះថ្នាក់ចរាចរ។

គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចមុខហាងមួយកន្លែងក្នុងខេត្ត Nakhon Nayok ខណៈដែលកូនក្រមុំមានឈ្មោះថា ណាតាកាន ឈរចាំគូស្នេហ៍ បើកឡានមកទទួលគោលបំណងក្នុងការទៅចែកសំបុត្រអពាហ៍ពិពាហ៍នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

តែជាសំណាងអាក្រក់ខណៈដែលកូនក្រមុំកំពុងតែដើរមកខាងមុខផ្លូវ រងចាំគូស្នេហ៍ ស្រាប់តែមានឡានសាំយ៉ុងមួយគ្រឿងបានបើកមកបុកកូដឡានរបស់កូនកំលោះដែលធ្វើដំណើរស្របទិសគ្នាមួយទំហឹងបណ្ដាលឱ្យឡានរបស់ខ្លួនជ្រុលទៅបុកកូនក្រមុំដែលឈរចាំខ្លួនបណ្ដាលឱ្យនាងស្លាប់ភ្លាមៗ​នឹងកន្លែងកើតហេតុ រួមទទាំងមានអ្នករបួស៣នាក់បន្ថែមទៀត។

ក្រោយពីមានហេតុការណ៍កើតឡើង កូនកំលោះពិតជាមានការតក់ស្លុត និងសោកស្ដាយជាខ្លាំង និងបានយំក្រាបសំពះឪពុកម្ដាយកូនក្រមុំដើម្បីធ្វើការសំទោសដែលខ្លួនមើលថែអនាគតភរិយាមិនបានល្អ និងបានបង្កគ្រោះថ្នាក់ដល់កូនក្រមុំដោយអចេតនា។

រឿងរ៉ាវនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបានធ្វើឱ្យមហាជនមានការសង្វេគ ក៏ដូចជាអាណិតទៅដល់កូនកំលោះជាខ្លាំងក្រោយពីបានឃើញកូនកំលោះយំឱបសពកូនក្រមុំដែលខ្លួនស្រឡាញ់ និងមិននឹកស្មានថាត្រូវបែកគ្នាគ្មានថ្ងៃប្រឡប់បែបនេះនោះទេ។

ទោះជាយ៉ាងណា លោកវរសេនីយ៍ទោ Praiwan Rattanapanya មន្ត្រីនគរបាលស៊ើបអង្កេត ប៉ុស្ដិ៍នគរបាលរដ្ឋបាល បាណា បានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ Nuttawut Saenrat អាយុ៤៩ឆ្នាំដែលជាជនបង្កហេតុបើកបុករថយន្តកូនកំលោះ មុខរបរជាអ្នកបើកបររថយន្ត ត្រូវបាននាំខ្លួនមកដើម្បីផ្លុំជាតិអាល់កុលវាស់ ៦៦ មីលីក្រាមភាគរយលើសពី ច្បាប់ ដូច្នេះត្រូវចោទប្រកាន់ពីបទធ្វេសប្រហែស បុក អ្នកដទៃ បណ្ដាលឲ្យស្លាប់ និង របួស ការខូចខាតទ្រព្យសម្បត្តិ ក្នុងពេលស្រវឹងពេលបើកបរ ព្រមទាំងចាប់ឃាត់ខ្លួន ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕  ប្រភព៖ Thaitath