អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក រ៊ីស៊ី ស៊ូណាក់ (Rishi Sunak) គ្រោងនឹងប្រកាសពីកិច្ចសហការរួមគ្នា រវាងចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន ដើម្បីបង្កើតយន្តហោះចម្បាំងថ្មីមួយដែលប្រើបច្ចេកវិទ្យា AI នេះបើតាមការឱ្យដឹងដោយ BBC។ នាយក​រដ្ឋមន្ត្រី​រូបនេះបាននិយាយ​ថា ការ​បណ្តាក់​ទុន​រួម​គ្នា​នេះ ​មាន​គោល​បំណង​បង្កើត​ការងារ​រាប់​ពាន់​កន្លែង​នៅ​ចក្រភព​អង់គ្លេស ក៏ដូចជាពង្រឹង​ទំនាក់ទំនង​សន្តិសុខរវាងប្រជាជាតិជាដៃគូ។ គ្រប់ភាគីនឹងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ដែលនឹងចូលបម្រើការងារនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ហើយវាក៏នឹងត្រូវជំនួសយន្តហោះទីហ្វុង (Typhoon) ផងដែរ។

ការអភិវឌ្ឍន៍របស់វាកំពុងដំណើរការ ជាមួយនឹងគោលបំណងបង្កើតយន្តហោះប្រយុទ្ធដែលនឹងផ្តល់នូវល្បឿនលឿន ប្រើប្រាស់ឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ ហើយប្រើតែបច្ចេកវិទ្យាយ AI ដើម្បីជួយអ្នកបើកយន្តហោះ នៅពេលដែលពួកគេមានភាពតានតឹងខ្លាំង ឬស្ថិតក្រោមភាពតានតឹងខ្លាំង។ វាក៏អាចហោះហើរបានដោយគ្មានការចាប់កាន់ពីអ្នកបើកយន្តហោះ ប្រសិនបើចាំបាច់ ហើយអាចបាញ់មីស៊ីលលឿនជាងសំឡេង ហាយផើសូនិក (Hypersonic) ទៀតផង។

ប៉ុន្តែការសាងសង់យន្តហោះស្មុគស្មាញបែបនេះ គឺមានតម្លៃថ្លៃខ្លាំងណាស់ ជាក់ស្ដែងដូចជាការអភិវឌ្ឍន៍យន្តហោះ F35 គឺជាកម្មវិធីថ្លៃបំផុតមិនធ្លាប់មានសម្រាប់មន្ទីរបញ្ចកោណអាមេរិក ដូច្នេះចក្រភពអង់គ្លេស បាននិងកំពុងស្វែងរកដៃគូសហការគ្នា។ ប្រទេសអ៊ីតាលីបានចូលរួមរួចហើយ ខណៈការបន្ថែមប្រទេសជប៉ុនមួយទៀត គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅពេលដែលអង់គ្លេសកំពុងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិន​ ៕