ប្រទេសចិន៖ ទីភ្នាក់ងារប្រេងរបស់ចិនបានធ្វើសេចក្តីប្រកាសអំពីការចាប់ផ្តើមនៃខ្សែសង្វាក់ផលិតកម្មពីអណ្តូងខួងមួយនៅភាគខាងត្បូងនៃប្រទេស ដែលធំជាងគេនៅក្នុងអាស៊ី។

នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរបានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេស ចិន ដោយបញ្ជាក់ថាកន្លែងអណ្តូងខួងយកប្រេងដ៏ធំជាងគេនៅក្នុងអាស៊ី នឹងដំណើរការដោយក្រុមហ៊ុនប្រេងឈូងសមុទ្រចិន ហៅកាត់ ស៊ី អិន អូអូ ស៊ី(CNOOC) ដែលបាននឹងកំពុងចាប់ផ្តើមផលិតកម្មរបស់ខ្លួន។

ជាមួយគ្នានោះរបាយការណ៍របស់ក្រុមហ៊ុន ស៊ី អិន អូអូ ស៊ី (CNOOC) បញ្ជាក់យ៉ាងដូច្នេះថា អណ្តូងប្រេងនេះគឺជាផ្នែកមួយនៃក្រុម អើន ភីង ១៥- ១(Enping 15-1) នៃតំបន់ប្រេងដែលមានទីតាំងនៅ ផើល រីវើល ដែលតា (Pearl River Delta) ក្នុងខេត្ត ក្វាងតុង ភាគខាងត្បូងប្រទេសចិន។

ដោយអណ្ដូងប្រេងនេះវាមានជម្រៅជាមធ្យម ១៦០ ម៉ែត្រនៅក្រោមផ្ទៃទឹក និងមានអណ្តូងផលិតកម្មចំនួន ៤៨ ដែលគ្រោងនឹងដំណើរការ ព្រមទាំងមានអណ្តូងប្រេងថ្មីចំនួនបួន​បន្ថែមទៀត។

មិនតែប៉ុណ្ណោះស៊ី អិន អូអូ ស៊ី(CNOOC) បាននិយាយថា ទីនេះគឺជាទីតាំងប្រេងដ៏ធំបំផុតនៅឈូងសមុទ្រ ដែលមានឧបករណ៍ច្រើនបំផុត និងមុខងារពេញលេញបំផុតនៅអាស៊ី។ លើសពីនេះម្មករអាចធានាបាននូវប្រតិបត្តិការប្រកបដោយរលូន និងសុវត្ថិភាពនៃកន្លែងប្រេង ដោយមានឧបករណ៍បញ្ជាពីចម្ងាយក្នុងករណីមានអាកាសធាតុព្យុះកើតឡើង។

មិនតែប៉ុណ្ណោះលោក សាំង លីន (Zhang Lin) អ្នកគ្រប់គ្រងផលិតកម្មនៃក្រុមហ៊ុន ស៊ី អិន អូអូ ស៊ី (CNOOC) បានបន្ថែមថាចំណុចពិសេសមួយទៀត រោងចក្រនេះនឹងចាប់យកកាបូនឌីអុកស៊ីតដែលផលិតចេញពីកន្លែងប្រេងនៅឆ្នេរសមុទ្របានយ៉ាងច្រើន ដោយគេបានប៉ាន់ប្រមាណថាអាចផ្ទុកកាបូនឌីអុកស៊ីតបាន ១.៥ លានតោន ដែលស្មើនឹងការដាំដើមឈើជិត ១៤ លានដើម ឬបញ្ឈប់ការប្រើប្រាស់រថយន្តជិតមួយលានគ្រឿងឯណ្ណោះ ដែលនេះជាការប្រមូលកាបូននៅឆ្នេរសមុទ្រ ជាលើកដំបូងនៅក្នុងប្រទេសចិនផងដែរ។

ទោះជាយ៉ាងណាក្រុមហ៊ុនបានរំពឹងទុកថានៅទីតាំងនេះនឹងផលិតបានប្រេងឆៅជាអតិបរមាប្រហែល ៥,០០០ តោនក្នុងមួយថ្ងៃ នៅពេលដែលដំណើរការរលូនពេញលេញនាពេលអនាគត៕ ​ប្រភព៖ Dailynews