ប្រទេសវៀតណាម៖ វៀតណាមបានដាក់បង្ហាញនូវសព្វាវុធដ៏ទំនើបៗ និងសម្បូបែប នៅក្នុងការតាំងពិព័រណ៍សព្វាវុធ និងបច្ចេកវិទ្យាការពារជាតិក្រោមប្រធានបទ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២” ជាលើកដំបូងរបស់ខ្លួននៅទីក្រុងហាណូយ។

នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ នេះ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហាណូយ នៃប្រទេសវៀតណាម ទាក់ទងនឹងការ ពិព័រណ៍សព្វាវុធ និងបច្ចេកវិទ្យាការពារជាតិក្រោមប្រធានបទ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២” ។

ក្នុងនោះការតាំងបង្ហាញពិព័រណ៍សព្វាវុធនេះផងដែរ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិហាណូយ ក្នុងទីក្រុងហាណូយផ្ទាល់ ហើយពិព័រណ៍នេះនឹងបន្តរហូតដល់ ៣ ថ្ងៃបន្ទាប់ទៀត។

ប្រភពដដែលបានបញ្ជាក់ថា ពិព័រណ៍នេះជាពិព័រណ៍អាវុធធំបំផុតរបស់វៀតណាម ដែលមានការបង្ហាញនូវអាវុធទំនើបៗជាច្រើបប្រភេទ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល សហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនធំៗ សរុបចំនួន ១៧៤ មកពីប្រទេសចំនួន ៣០ រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប (EU)ផងដែរ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមលោក ផាម មិញ ជិញ (Pham Minh Chinh) បានចាត់ទុកថា គោលនយោបាយសន្តិសុខរបស់ប្រទេសគឺផ្អែកលើការការពារខ្លួន។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលក្រុងហាណូយវិញ យល់ឃើញថានេះគឺដើម្បីជាសន្តិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើង ព្រមទាំងជួយផ្សព្វផ្សាយឱកាសដល់សហគ្រិន និងផ្តល់ជម្រើសសម្រាប់គ្រប់វិស័យដែលពាក់ព័ន្ធ ចំពេលដែលបញ្ហាប្រឈមនឹងភូមិសាស្ត្រនយោបាយពិភពលោកកំពុងកើតមានឡើង៕ ប្រភព៖ Dailynews