បរទេស៖ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រ សារព័ត៌មានក្នុងស្រុកបានរាយការណ៍អំពីករណីរបស់បុរសម្នាក់ជានាយកប្រតិបត្តិជនជាតិឥណ្ឌា ត្រូវបានស្លាប់បន្ទាប់ពីសម្រេចចិត្តទៅបណ្ដុះសក់នៅគ្លី​និកមួយកន្លែង ព្រោះតែចង់លើកសម្រស់ដើម្បីរកគូស្នេហ៍រៀបការចូលមកក្នុងជីវិត។

លោក Athar Rasheed បុរសអាយុ ៣០ ឆ្នាំរស់នៅក្នុងទីក្រុងញូវដេលី នៃប្រទេសឥណ្ឌា លោកគឺជានាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងឧស្សាហកម្មទូរទស្សន៍ ហើយគាត់ក៏មានអាជីពជោគជ័យតាំងពីវ័យក្មេង ប៉ុន្តែទន្ទឹមនឹងនេះបញ្ហាសក់ទំពែករបស់គាត់ត្រូវបានជួបប្រទះជាច្រើនឆ្នាំមកហើយ។

ដូច្នេះដើម្បីបន្ថែមទំនុកចិត្តលើរូបរាងរបស់ខ្លួន និងចង់សម្រេចក្តីសុបិនចង់រៀបការប្រពន្ធ និងមានកូន ទើបគាត់បានសម្រេចចិត្តការប្តូររូបរាង ដោយការទៅទទួលសេវាកម្មបណ្ដុះសក់នៅគ្លីនិកមួយកន្លែងក្នុងក្រុង។

តែជាអកុសល្យ រឿងដ៏គួរឱ្យសោកស្ដាយក៏បានកើតឡើងបានប្រែក្លាយក្ដីស្រម៉ៃមួយនេះជំនួសដោយការឈឺចាប់ ព្រោះបន្ទាប់ពីធ្វើការវះកាត់រួច ស្រាប់តែក្បាលរបស់គាត់ចាប់ផ្ដើមហើមខុសពីធម្មតា តម្រងនោមរបស់គាត់ឈប់ដំណើរការ ហើយសរីរាង្គផ្សេងទៀតរបស់ជនរងគ្រោះក៏មិនអាចទ្រាំទ្របាន និងបានទទួលមរណៈភាពភ្លាមៗ។

ទោះជាយ៉ាងណាម្ដាយរបស់ជនរងគ្រោះ អ្នកស្រី Siya Begum មានវ័យ៦២ឆ្នាំ គាត់បានឱ្យដឹងថាលោកស្រីមានការសោកស្ដាយដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ម្នាក់។ កូនប្រុសរបស់គាត់ ចំណាយប្រាក់ក្នុងការវះកាត់បណ្ដុះសក់ដើម្បីអនាគត ប៉ុន្តែបែរជាត្រូវបាត់បង់ជីវិតទៅវិញ។

យ៉ាងណាមិញក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅបង្ក្រាប គ្លីនិកមួយកន្លែងនោះ និងបានធ្វើការចាប់ខ្លួនជនសង្ស័យ៤នាក់ រួមទាំងវេជ្ជបណ្ឌិតម្នាក់សម្រាប់ការស៊ើបអង្កេតបន្ថែម។

ទន្ទឹមនឹងនោះបើតាមលោកវេជ្ជបណ្ឌិត Mayank Singh ជាអគ្គលេខាធិការនៃសមាគមគ្រូពេទ្យវះកាត់ប្តូរសក់ឥណ្ឌា បាននិយាយថា ជាទូទៅការវះកាត់ប្តូរសក់ វាមានតម្លៃប្រហែល៣៥០,០០០ រូពី ឬប្រហែល ៤២៨១ដុល្លារ អ្នកជំងឺរបស់គាត់ភាគច្រើនជាបុរសដែលមានអាយុពី ២៥ ទៅ ៣៥ ឆ្នាំ ប៉ុន្តែដោយសារតែការវះកាត់ថ្លៃៗ ទើបវេជ្ជបណ្ឌិតសម្ងាត់ ​និងខិលខូចមួយចំនួន បានធ្វើការវះកាត់ជាមួយនឹងការចំណាយទាប ក៏ដូចជាប្រើឧបករណ៍ចាស់មានមេរោគសម្រាប់ការវះកាត់ ដោយមិនគិតពីជីវិតអតិថិជន៕ ប្រភព៖ ​Sanook

អត្ថបទដោយ៖ យិត ម៉ានិល