ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ( ACU) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាស ព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៥ ធ្នូ ២០២២។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ACU បានឲ្យដឹងថា ឆ្នាំ២០២២ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសហការជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២ នេះ មានថ្នាក់ដឹកនាំ មន្រ្តី អ.ប.ព. និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣ ០០០ នាក់ ដោយក្នុងនោះ អ.ប.ពបានរៀបចំមន្ត្រីប្រចាំតាមមណ្ឌប្រឡង ១នាក់ ក្នុង ១មណ្ឌលប្រឡង និងបានដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តដោយអនុវត្ត តាមនិយាម ១នាក់ សង្កេត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ទូទាំងរាជធានី-ខេត្ត ដើម្បី ធានាឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
តាមរយៈការសង្កេតការណ៍លើការរៀបចំ និងការប្រព្រឹត្តទៅនៃដំណើរការសំណេរ អ.ប.ព. សូមធ្វើការវាយតម្លៃខ្ពស់ និង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ដែលបានបំពេញភារកិច្ចប្រកបដោយ ស្មារតីទទួល ខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតបបានយ៉ាងទាន់ពេលវេលា លើរាល់បាតុភាពនានាដែលកើតមានឡើង ជាយថាហេតុ។
អ.ប.ព. ក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យចូលរួមសង្កេតការណ៍លើដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពេលកន្លងមក និងពេលនេះ។ កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមអនុវត្តកម្មវិធី កំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្ស សម្រាប់បន្តវេនសង្គមកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ អ.ប.ព. សូមថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ពេលវេលានៃយុវវ័យរបស់ខ្លួនមកបំពេញ ការងារស្ម័គ្រចិត្តដើម្បីឆ្លើយតបនឹង ដំណើរការនៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា។ យុវជន ពិតជាធនធានដ៏មានតម្លៃ កម្លាំងដ៏ខ្លាំងក្លាក្នុងការរុញច្រានការអភិវឌ្ឍសង្គមជាតិ ដូច្នេះយុវជន ត្រូវប្រើប្រាស់ភាពយុវវ័យរបស់ខ្លួនឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល៕










