ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា លោកមិនដែលបាក់ទឹកចិត្ត ចំពោះពាក្យរិះគន់នោះទេ ហើយប្រសិនបើការិះគន់នោះត្រូវ លោកនឹងទទួលយក ព្រមទាំងយកមកកែតម្រូវ ប៉ុន្តែបើអ្នករិះគន់ក្នុងន័យបង្ខូច និងគ្មានកាពិតលោកនឹងមិនខ្វល់ ឬខាតពេលទៅពន្យល់នោះទេ។

ថ្លែងនៅក្នុងកម្មវិធីកិច្ចសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំមិនមែនជាមនុស្សបាក់ទឹកចិត្តទេ តែខ្ញុំជាមនុស្សប្រាកដនិយម អីចឹងនៅក្នុងការងារប្រាកដនិយមនេះ ខ្ញុំត្រូវការព័ត៌មានពិតច្រើនណាស់ ហើយខ្ញុំស្រលាញ់ណាស់នូវកាពិត និងព័ត៌មានពិត។ អ្វីដែលធ្វើសព្វថ្ងៃអាចដាក់នូវគោលនយោបាយ ឬដាក់នូវវិធានការដែលមានប្រសិទ្ធភាពបាន ដរាបណាយើងក្តាប់បាននូវកាពិតគ្រប់ជ្រុងជ្រោយ។ អីចឹងបើសិនជាការងារមួយយើងដឹងតាមគេ លឺតាមគេថា ហើយមិនបានមើលគ្រប់ជ្រុងជ្រោយ នូវវិធានការដែលបានដាក់ចេញទៅ នឹងបង្កើតនូវបញ្ហាបន្ថែមទៀត។ អីចឹងមានច្រើនណាស់វិធីសាស្រ្ត ដែលអ្នកផ្សេងគិតថា គួរត្រូវធ្វើ ហើយគេអាចនិយាយមកសមហេតុសមផលណាស់ ប៉ុន្តែទូទៅ មិនដែលមានអ្នកមានសួរគាត់ថា បើធ្វើអីចឹងហើយ វាកើតស្អីបន្តទៀត ឬកើតជាបញ្ហាអីមកទៀត”។

លោកបន្តថា លោកត្រូវរត់ចុះរត់ឡើងទៅដល់ទីតាំងនៅតាមមូលដ្ឋាន ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីទទួលបានព័ត៌មាន សម្រាប់ការវាយតម្លៃទាំងពីលក្ខណៈបច្ចេកទេស រហូតដល់សេដ្ឋកិច្ច នយោបាយ។

គូឲ្យដឹងថាចាប់តាំងពីលោក ឌិត ទីណាឡើងជារដ្ឋមន្រ្តីក្រសួងកសិកម្ម មានមតិរិះគន់មួយចំនួនមកលើរូបលោក រាល់មតិរិះគន់ទាំងអស់ ប្រសិនជាការនិយាយលើកឡើងនោះ ជារឿងត្រឹមត្រូវ លោកនឹងយកពិចារណា និងកោតសរសើរ ប៉ុន្តែប្រសិនបើការលើកឡើងនោះ ជាមតិដែលមិនត្រឹមត្រូវ គ្មានហេតុផលច្បាស់លាស់ ឬគ្មានការវាយតម្លៃបានត្រឹមត្រូវពីស្ថានភាព លោកនឹងមិនខ្វល់ ឬធ្វើការពន្យល់ទៅវិញនោះទេ ព្រោះបើការវាយតម្លៃមិនត្រឹមត្រូវផង ធ្វើម៉េចនឹងអាចផ្តល់ដំណោះស្រាយ ដែលមានលក្ខណៈយូរអង្វែងបាន៕