បរទេស៖ មានការរអិលបាក់ដីពីភ្នំនៅលើផ្លូវ មានឡានក្រុងដឹកអ្នកដំណើរជាច្រើននាក់ បានក្រឡាប់ធ្លាក់ពីលើភ្នំ ក្រោយពីមានហេតុការរអិលបាក់ដី ដែលបណ្ដាលឱ្យអ្នកដំណើរនៅក្នុងឡានស្លាប់យ៉ាងតិច ៣៤ នាក់ និង របួស រាប់សិបនាក់ផ្សេងទៀត។

កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់មួយបានកើតឡើង ដោយមានការណីនៃការក្រឡាប់ឡានធ្លាក់ពីលើផ្លូវនៅលើភ្នំមួយកន្លែងក្នុងខេត្ត Risaralda នៃប្រទេសកូឡុំប៊ី បន្ទាប់ពីមានការរអិលបាក់ដីក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ទោះជាយ៉ាងណា បន្ទាប់ពីបានដឹងដំណឹងនេះរួចមក ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តជាង ៧០ នាក់បានប្រញាប់ប្រញាល់ស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្នុងគំនរដី ដោយប្រើគ្រឿងចក្រឈូសឆាយ និងឧបករណ៍ខួងដីដែលបាក់ សង្កត់រថយន្តក្រុងទាំងនោះ រួមទាំងមានម៉ូតូផងដែរ។
ជាលទ្ធផលហេតុការណ៍នេះបានបណ្ដាលឱ្យរថយន្តក្រុង ដឹកអ្នកដំណើរជាច្រើនត្រូវធ្លាក់មកខាងក្រោមកប់ដោយដីភក់ជាច្រើន ក្នុងនោះក៏បានរកឃើញមនុស្សស្លាប់៣៤នាក់ និងអ្នករបួស រាប់សិបនាក់ ព្រមទាំងនៅមានមនុស្សបាត់ខ្លួនជាច្រើនទៀត។

គួរបញ្ជាក់ថាហេតុការណ៍នេះជាសោកនាដកម្មមួយ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសកូឡុំប៊ី បានឱ្យដឹងថា ប្រទេសខ្លួនបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងជាងឆ្នាំមុនៗ ដោយសារតែឥទ្ធិពលនៃបាតុភូត La Nina បង្កឡើងដោយការប្រែប្រួលអាកាសធាតុពិភពលោក ដែលអាជ្ញាធរកំពុងរៀបចំផែនការដាំដើមឈើឡើងវិញ ដើម្បីជៀសផុតពីសោកនាដកម្មបែបនេះទៀតទៅថ្ងៃអនាគត។ ដោយនៅឆ្នាំ ២០១៧ ការរអិលបាក់ដីដ៏ធំនៅ Mogao បានសម្លាប់មនុស្សជាង ៣២០ នាក់ ក្នុងប្រទេសមួយនេះ៕ ប្រភព៖ Thairath











