ភ្នំពេញ៖ នាមុននេះបន្តិចលោក ផែង វណ្ណៈ បានឱ្យដឹងថាបន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ ឱ្យជួយរកយុត្តិធម៌ ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ពេលនេះក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់។

លោក​ ផែង​ វណ្ណៈ បានសរសេររៀបរាប់ថា៖ «ឯកឧត្តម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានថ្លែងប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​នៅមុននេះបន្តិចថា​ បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ឱ្យជួយ​រកយុត្តិធម៌ជូន​គ្រួសារ​មួយរួមទាំង​ទារកម្នាក់ផង​ដែល​ត្រូវរថយន្តបុកបង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ ឯកឧត្តម​ បានចាត់​តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់​ ។ សូមបញ្ជាក់​ជូនថា​ ករណី​បុកមនុស្សស្លាប់​និងរបួសជាច្រេីន​នាក់​ គ្រាន់​តែបង់លុយ​ ២៥០០​ ដុល្លារ​បញ្ចប់​រឿង​ធ្វើ​អោយ​មហាជន​រិះគន់​កក្រើក​​ហ្វេសប៊ុក​ និង​ ទាមទារឱ្យយកជនបង្កទៅ​ផ្ដន្ទាទោសតាមច្បាប់​»។

គួរជម្រាបដែលថា កាលពីវេលាម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកើតហេតុ លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានមនុស្សចាស់២នាក់ និងកូនតូចម្នាក់ អាយុប្រមាណ១ខែកន្លះ ត្រូវបានរថយន្ត LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យមនុស្សចាស់ និងទារកខ្ទាតដូចសំឡី ៕