ភ្នំពេញ៖ មិនមែនទើបតែឥឡូវទេគឺយូរឆ្នាំណាស់មកហើយដែលគ្រឿងស្រវឹងបានលុកលុយសង្គមខ្មែរមិនថាក្មេង មិនថាចាស់នាំគ្នាសេពគ្រឿងស្រវឹងសឹងតែរាល់ថ្ងៃ មិនថាពេលមានកម្មវិធីជួបជុំ ឬក៏មិនមានកម្មវិធីនោះទេគឺពលរដ្ឋមួយចំនួនធំតែងតែចាប់ផ្ដើមជាមួយនឹងស្រា ខណៈយើងឃើញមានការចូលរួមផ្សព្វផ្សាយស្រាពីសំណាក់បុគ្គលល្បីៗជាច្រើនហូហែរ អ្នកវិនិយោគទុនដែលមានទ្រព្យគ្រាក់ៗបានចាប់ផ្ដើមសំឡឹងមើលទីផ្សារផលិតស្រាបៀរ ដែលនាំឱ្យវិស័យមួយនេះកាន់តែរីធំធាត់ឡើងយ៉ាងឆាប់រហ័ស បន្សល់នូវសោដនាកម្មរាប់រយករណីដោយសារតែស្រា។

យ៉ាងណាមិញនាមុននេះបន្តិចយើងឃើញមាន Dj Nana Tips បានបង្ហោះសារមួយចំនួនទាក់ទងទៅនឹងស្រាដោយអ្នកស្រីបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «មានមូលហេតុច្រើនណាស់ដែលខ្ញុំស្អប់អ្នកផឹក!!! ស្អប់មនុស្សប្រមាថជីវិតគេ!!! ជីវិតក្មេងតូចអត់ដឹងខ្យល់អីសោះ ត្រូវមកបាត់បង់ដោយសារតែអាស្រាក្នុងខ្លួនហ្នឹង។ គាំទ្រទៅ ផ្សាយទៅ ចាប់រង្វាន់ឲ្យច្រើនៗទៅ ប្រឹងនាំfansឲ្យផឹកទៅ ថ្ងៃណាមួយប៉ះចំកូនចៅខ្លួនឯង ចាំប្រាប់វិញផងថាមានអារម្មណ៍យ៉ាងណា។ ចាំមើលអ្នកការពារស្រាគេបកស្រាយថា “គេដាក់អក្សរបញ្ជាក់តើថាផឹកដោយមានការទទួលខុសត្រូវ” “ស្រវឹងសូមកុំបើកបរ” “ស្រាអត់ដឹងអីទេ មកពីមនុស្សខ្លួនឯងតើ”… បើការពារស្រានាំមកនូវមោទនភាពដល់អ្នក ការពារទៀតទៅ ខ្ញុំមិនហ៊ានថាអីទេ»។

ការលើកឡើងរបស់ពិធីករ ឬក៏ឌីជេដ៏មានប្រជាប្រិយភាពនេះបានធ្វើឡើងក្រោយកាលកន្លងទៅកាលពីពីរថ្ងៃមុននេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់បានផឹកស្រវឹងរួចក៏បើកបរក្នុងល្បឿនលឿនបណ្ដាលឱ្យបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង ខណៈនៅលើម៉ូតូមានឪពុក ម្ដាយ ទារកដែលទើបតែអាយុជាង១ខែ ដែលឧប្បត្តិហេតុនេះបានធ្វើឱ្យរំជួលដល់អាម្មណ៍ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈកើតចិត្តអាណិតអាសូរដល់ក្រុមគ្រួសារដ៏អភ័ព្វមួយនោះ រួចក៏កើតមានអារម្មណ៏ខឹងសម្បារទៅលើបុរសដែលជាជនបង្កនោះផងដែរ ៕