ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

១- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
២- ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន….ដែលស្ថិតនៅកៀក បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
៣-ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខានដល់ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ ដោយអនុគ្រោះ ហើយផុតរយៈពេលនេះបងប្អូនអាជីវករ អាចបើកប្រកបអាជីវកម្មជាធម្មតាឡើងវិញ។ ទទួលបានសេចក្ដីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរជំនាញពាក់ព័ន្ធ និងបងប្អូនអាជីវករទាំងអស់ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕











