ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះយុវជនមីល្ពៅខ្មែរ បាត់ដំបងលោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា ខណៈការប្រកាសបែបនេះបាននាំឱ្យមហាជនផ្ទុះការជជែកវែកញែកទៅតាមការយល់ឃើញរៀងៗខ្លួន ដោយយើងឃើញមហាជនមួយចំនួនធំបានលើកឡើងថា ការបរាជ័យរបស់យុវជនមីល្ពៅគឺបណ្ដាលមកពីភាពអំណួតមិនព្រមបើកចិត្តទទួលយកការវិនិយោគរបស់នរណាម្នាក់។
យ៉ាងណាមិញយោងតាមយុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។
ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។
ជាក់ស្ដែងយើងសូមរំលឹកទៅដល់កាលពីឆ្នាំ២០១៩ ក្រោយល្បីល្បាញពីសមិទ្ធផលក្នុងការស្រាវជ្រាវផលិតសរសៃមីចេញពីផ្លែល្ពៅ អតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារនៃសាកលវិទ្យាល័យខេត្តបាត់ដំបងលោក វ៉ាន់ គិមវ៉ាង បានទម្លាយពីឧបសគ្គជាច្រើនទាំងការសិក្សាស្រាវជ្រាវ និងដំណើរការផលិតជាកត្តាធ្វើឲ្យលោកស៊ូដើរលើវិថីខ្លួនទីពឹងខ្លួនដោយមិនទទួលការសុំវិនិយោគឡើយ។
ស្ថាបនិកមីល្ពៅវ័យ ២៦ ឆ្នាំរូបនេះបានប្រកាសថា៖ «មីល្ពៅខ្មែរបាត់ដំបងសូមប្រកាសជាផ្លូវការថា ខ្ញុំសូមបិទមិនទទួលការសុំវិនិយោគទេ ហើយខ្ញុំក៏មិនបានទទួលវិនិយោគពីខាងណាដែរ។ ខ្ញុំនឹងខំប្រឹងធ្វើវាដោយខ្លួនឯង ទោះលំបាកយ៉ាងណាក៏ដោយ»។
រំឭកពីដំណើរផ្លូវដ៏លំបាកមុននឹងរំលេចរូបរាងផលិតផលរបស់ខ្លួន ស្ថាបនិកមីល្ពៅខ្មែរលោក វ៉ាន់ គិមវ៉ាង បានប្រាប់ថា៖ «មូលហេតុដែលធ្វើឲ្យខ្ញុំបង្កើតមីល្ពៅនេះគឺមកពីមានព្រឹតិ្តការណ៍មួយបានកើតឡើងនៅឆ្នាំ ២០១៥ គឺកសិករយើងដាំល្ពៅដើម្បីលក់ឲ្យថៃរៀងរាល់ខែ ប៉ុន្តែស្រាប់តែនៅក្នុងខែមួយ ថៃឃើញល្ពៅយើងច្រើន គេទម្លាក់តម្លៃល្ពៅខ្មែរ ហើយពេលនោះកសិករយើងខឹងក៏បានយកល្ពៅទាំងនោះចាក់ចោលកណ្តាលផ្លូវ ហើយនេះជាហេតុដែលធ្វើឲ្យខ្ញុំខឹង និងអាណិតកសិករយើង ដែលខិតខំដាំល្ពៅហើយ តែបែរជាមិនមានតម្លៃទៅវិញ»។
ក្នុងបំណងជួយកសិករដាំល្ពៅ យុវជនរូបនេះបានដាក់គម្រោងការស្រាវជ្រាវ និងច្នៃផលិតផលចេញពីផ្លែល្ពៅ។ រហូតដល់ពេលលោកបានចូលសិក្សានៅឆ្នាំទី ២ ផ្នែកវិទ្យាសាស្ត្រចំណីអាហារក៏ត្រូវបានលោកគ្រូម្នាក់ជួយបង្ហាញផ្លូវ និងជំរុញឲ្យធ្វើមីពីផ្លែល្ពៅពីនេះឡើង។
យ៉ាងណាមិញក្រោយពីយុវជនមីល្ពៅបានប្រកាសផ្អាកផលិតមីល្ពៅហើយយើងក៏បានសង្កេតឃើញមានមហាជននាំគ្នាចូលទៅខមមិននៅក្នុងការផុសនោះដោយមានអ្នកខ្លះបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងន័យការដឹកនាំ ចេះបច្ចេកទេសការងារស្នូល វាជាភាពចាំបាច់មួយ តែបើចេះបង្កើតដំណើរការផលិត ដោយចាប់យកដៃគូរវិនិយោគ ពីដំណើរផ្គត់ផ្គត់វត្ថុធាតុដើម រហូតបញ្ចេញលក់លើទីផ្សារដល់ដៃអតិថិជន ទើបការងារនេះបានសម្រេច ដូចនេះ កុំអំនួតតែលើចំណេះដឹងជំនាញ តែមួយមុខ ត្រូវប្រឹងដឹកនាំបន្ថែម»។
«ពេលខ្លះកំអំណួតខ្លួនពេល ត្រូវចេះស្វែងរកដៃគូរវិនិយោគដើម្បីបន្តអាជីវកម្ម បើខ្លួនយើងគ្មានលទ្ធភាពនោះ នេះហើយហើយជាជំងឺអំណួតមួយនៅក្នុងស្រុកយើង ចូលចិត្តធ្វើអីមួយលាក់ខ្លាចគេដឹងរឺចេះជាងចុងក្រោយបាត់អស់ ដូចករណីនេះអញ្ចឹងមិនព្រមទទួលរើសយកដៃគូរវិនិយោគណាល្អមួយមកសហការណ៍ទេ សុខចិត្តបិទចោលតែម្តង តើចំណេញរឺខាត? ពេលខ្លះបើយើងជ្រើសរើសដៃគូរវិនិយោគត្រឹមត្រូវ ធ្វើអោយអាជីវកម្មយើងរីកចំរើនទៅមុន វាក៍រួមចំណែកជួយដល់សង្គម និងប្រទេសដែល តែបើយើងដឹងខ្លួនថាគ្មានលទ្ធភាពហើយសុខចិត្តមិនរើសដៃគូរវិនិយោគ ហើយសុខចិត្តបិទចោលនោះគឺស្មើសូន្យ» ៕


















