រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្រែឈ្មោះជា “ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ត្រូវបានបង្កើតដោយសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែននិងឥស្សរជនស្នេហាជាតិជាច្រើនទៀត នៅថ្ងៃ ០២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ 
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖
- រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត
- ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ
- ជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី។
ជាមួយគ្នានោះដែរ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានសម្រេច និងអនុម័តនូវកម្មវិធីនយោបាយរបស់ខ្លួនចំនួន៣ រួមជាមួយនឹងការប្រកាសនូវសេចក្តីថ្លែងការណ៍ចំនួន១១ទៀតផង។
នៅចុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ផ្តើមវាយរំដោះបានបណ្តាខេត្តនានាពីការគ្រប់គ្រងរបស់ខ្មែរក្រហមជាបន្តបន្ទាប់ រហូតដល់រំដោះបានទូទាំងប្រទេសទាំងស្រុង នៅខែមករា ឆ្នាំ១៩៧៩៕

ប្រភព៖ Wikipedia










