បរទេស៖ ប្រទេសចិនកំពុងតែកាន់ទុក្ខជាមួយនឹងការទទួលមរណៈភាពនៃអតីតប្រធានាធិបតីលោក ជាំង ហ្សេមីន(Jiang Zemin) ដែលលោកជាស្នូលនៃរបបដឹកនាំរួមមជ្ឈិមជំនាន់ទីបីរបស់បក្សកុម្មុយនិស្តចិន ក៏ដូចជាអ្នកដឹកនាំចលនាបដិវត្តន៍ និងជាអ្នកបង្កើតសង្គមនិយមចិនផងដែរ។

ថ្ងៃនេះសូមបង្ហាញពីជីវប្រវត្តិរបស់លោក ជាំង ហ្សេមីន ជាមួយនឹងការដឹកនាំប្រទេសយ៉ាងមានសក្ដានុពល ក៏ដូចជាមានឥទ្ធិពលមួយរបស់ប្រទេសចិន៖

អតីតមេដឹកនាំ ជាំង ហ្សេមីន កើតនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩២៦ នៅ យ៉ាំង ហូវ (Yangzhou) ខេត្ត ជាំង ស៊ូ(Jiangsu) គាត់បានរៀបការនៅឆ្នាំ ១៩៤៩ ជាមួយអ្នកស្រី វ៉ាំង យីពីង (Wang Yeping) ដែលជាចៅស្រីរបស់ម្តាយចិញ្ចឹមរបស់គាត់ ហើយប្ដីប្រពន្ធមួយគូនេះមានកូន ប្រុសពីរនាក់ រួមគ្នា។

ងាកទៅកាន់ពីកុមារភាព ជាំង ហ្សេមីន គាត់ចាប់អារម្មណ៍លើសិល្បៈ  និង អក្សរសាស្ត្រ ហើយគាត់ជាមនុស្សដែលមានទម្លាប់រៀន និងស្វែងរកការយល់ដឹងបន្ថែម មានផ្នត់គំនិតបដិវត្តន៍ និងការផ្លាស់ប្តូររួមគ្នា។

ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ លោកជាំង ហ្សេមីន បានចូលរួមក្នុងចលនាប្រឆាំងជប៉ុន ក្នុងនោះគាត់បានបង្កើតគំនិត និងទស្សនៈរហូតដល់គាត់ក្លាយជាបុគ្គលនិយម និងរបៀបរស់នៅដែលជឿជាក់លើការងារដើម្បីរំដោះជាតិ និងសុខុមាលភាពរបស់ប្រជាជន។

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ (Jiaotong) ក្នុងឆ្នាំ ១៩៤៧ លោក ជាំង ហ្សេមីន បានធ្វើការនៅរោងចក្រក្នុងស្រុកមួយ និងបានចូលរួមក្នុងកំណែទម្រង់ការងារទំនាក់ទំនងក្នុងចំណោមកម្មករ និងយុវជន។ បន្ទាប់ពិនោះលោកបានបន្តគ្រប់គ្រងរោងចក្រជាច្រើននៅទីក្រុងសៀងហៃ មុនពេលបន្តទៅធ្វើការនៅរោងចក្រស្តាលីន ផ្នែករថយន្តនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៥៥។

ពិតណាស់លោកជាំង ហ្សេមីន អាចនិយាយភាសាបរទេសជាច្រើន រួមទាំងភាសាអង់គ្លេស និងរុស្ស៊ី បានយ៉ាងស្ទាត់ជំនាញ ហើយក៏ជាមនុស្សពូកែលេងព្យាណូ និងចូលចិត្តច្រៀងជាខ្លាំង។

នៅឆ្នាំបន្ទាប់ គាត់បានត្រឡប់មកប្រទេសចិនវិញ និងកាន់តំណែងគ្រប់គ្រងរោងចក្រជាច្រើន ហើយ ក៏បានបម្រើការជានាយកវិទ្យាស្ថាន Wuhan Hepower Machinery ដែលក្រោយមកគាត់បានបម្រើការជាលេខាបក្ស និងរៀបចំសកម្មភាពទាក់ទងនឹងឧបករណ៍ផលិតថាមពលនុយក្លេអ៊ែរ។

លុះក្រោយមកបន្ទាប់ពីបដិវត្តន៍វប្បធម៌នៅឆ្នាំ ១៩៧០ និង ១៩៨៧ គាត់ត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ព្រមទាំងធ្លាប់បានឡើងជាលេខាបក្ស និងជាអភិបាលក្រុងសៀងហៃផងដែរ។

ក្រោយមកលោកជាំង ហ្សេមីន បានឡើងកាន់អំណាចជំនួសប្រធានាធិបតី Deng Xiaoping ក្នុងឆ្នាំ ១៩៨៩  ហើយការឡើងកាន់អំណាចរបស់លោក Jiang Zemin បានក្លាយជាក្តីសង្ឃឹមថាលោកនឹងជួយនាំមកនូវឯកភាព និងបន្ធូរបន្ថយភាពតានតឹងរវាងអ្នកជាតិនិយមជ្រុល និងគណបក្សដែលមានគំនិតសេរី នាសម័យនោះ។

ក្នុងនោះលោក ជាំង ហ្សេមីន ក៏ជាមេដឹកនាំនៃប្រទេសចិនក្នុងសម័យនៃអាណានិគមអង់គ្លេសព្រមប្រគល់ទីក្រុងហុងកុងមកឱ្យចិនដីគោកវិញក្នុងឆ្នាំ ១៩៩៧ផងដែរ មិនតែប៉ុណ្ណោះលោកបានដឹកនាំប្រទេសចិនចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០១ ដែលបានជួយធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសចិន ព្រមទាំងបានធ្វើឱ្យចិនឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ ២០០៨។

លុះមកដល់ឆ្នាំ ២០០២ លោក ជាំង ហ្សេមីន  បានប្រគល់មុខតំណែងជាមេដឹកនាំគណបក្ស ទៅឱ្យលោក Hu Jintao ដែលបានកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំបន្ទាប់ផងដែរ។

ទោះយ៉ាងណាក៏ដោយ ការប្រគល់មុខតំណែងជាមេដឹកនាំថ្មីនេះត្រូវបានប្រជាជននិយាយថាមានការខកចិត្ត រហូតលោកជាំង ហ្សេមីន បានព្យាយាមរក្សាឥទ្ធិពលដោយបន្តធ្វើជាប្រធានគណៈកម្មការយោធាមជ្ឈិម ដែលគ្រប់គ្រងកងទ័ពមានសមាជិក ២ លាននាក់ រហូតដល់ឆ្នាំ២០០៤គាត់ក៏បានបោះបង់តំណែងជាស្ថាពរ។

ប៉ុន្តែលោកនៅតែមានឥទ្ធិពលលើការផ្សព្វផ្សាយតាមរយៈបណ្តាញការពាររបស់គាត់ និងត្រូវបានគេចាត់ទុកថាទទួលបានជោគជ័យក្នុងការលើកក្រុមសម្ព័ន្ធមិត្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិកប្រាំពីររូប ដែលជារង្វង់អំណាចខាងក្នុងរបស់ប្រទេសចិន នៅពេលដែលលោក ហ្សិ ហ្សីន ពីង(Xi Jinping) ក្លាយជាមេដឹកនាំនៅក្នុងឆ្នាំ ២០១២។

ទោះជាយ៉ាងណាលោក ជាំង ហ្សេមីន ត្រូវបានប្រជាជនចិន និងពិភពលោកយល់ ឃើញថាបានដឹកនាំប្រទេសឱ្យឈានជើងទៅកាន់ឆាកពិភពលោក ហើយគាត់គឺជាឥស្សរជនដ៏សំខាន់មួយរូបនៃសម័យទំនើប និងត្រូវបានគេចងចាំទុកថាជាបុគ្គលដែលមានអំពើល្អចំពោះជាតិ។

យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បក្សកុម្មុយនិស្តចិនបានចេញសេចក្តីថ្លែងការណ៍ពីការទទួលមរណៈភាពអតីតប្រធានាធិបតីលោក ជាំង ហ្សេមីន  ក្នុងអាយុ៩៦ឆ្នាំ នៅវេលាម៉ោង ១២ និង ១២នាទីរសៀល ដែលបានធ្វើឱ្យប្រជាជនចិនទាំងអស់នាំគ្នាកាន់ទុក្ខចំពោះការបាត់បង់ឥស្សរជនដ៏អស្ចារ្យមួយនេះ៕ Thairath

អត្ថបទដោយ៖ យិត ម៉ានិល