បរទេស៖ មានការបំផ្ទុះគ្រាប់បែកលើសាលាសាសនានៅភាគខាងជើងអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដែលភាគច្រើនជាសិស្សស្ថិតក្នុងអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ ។

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅ Eibach ក្នុងខេត្ត Samankan នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារនេះស្ថិតនៅក្នុងសាលារៀនបង្រៀនសាសនាមួយកន្លែង ដែលវាបានបណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ ១៧នាក់បានស្លាប់ និង ២៦នាក់រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើយោងតាម វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងស្រុក បានបញ្ជាក់ថាស្ទើរតែទាំងអស់នៃជនរងគ្រោះភាគច្រើនជាកុមារសិស្សសាលាដែលមានអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថានលោក Abdul Nafi Takhur បាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខតាលីបង់កំពុងស៊ើបអង្កេតលើរឿងនេះ និងបានសន្យាថានឹងកំណត់មុខ សញ្ញាជនដៃដល់ និង នាំខ្លួនមកកាត់ទោសតាមផ្លូវច្បាប់ ខណៈពេលដែលមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាអះអាងថាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់បែកនេះជាអ្នកណានៅឡើយទេ។

គួររំលឹកថា អាហ្វហ្គានីស្ថានបានប្រឈមមុខនឹងការ វាយប្រហារដោយគ្រាប់បែករាប់សិបលើកមកហើយ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន ដោយការវាយប្រហារភាគច្រើន ដោយក្រុម ISIS-K ដែលជាសាខារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ធ្លាប់បានអះអាងទទួលខុសត្រូវកន្លងមក៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល