ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំដាំផ្កាស្បៃរឿងប្រមាណ ១លានទង ក៏ដូចជារៀបចំសួនច្បារបន្លែដើម្បីតាំងលំអរនៅថ្ងៃអាពាហ៍ពិពាហ៍កូនស្រីរបស់លោក។
ថ្ងៃមង្គលសិរីសួស្តីកូនស្រីជាទីស្រឡាញ់របស់លោក អ៊ាង សុផល្លែត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខដ៏ខ្លីនេះ។ ដើម្បីលំអរផ្ទះថ្ងៃរៀបមង្គលសិរីជូនកូនស្រី និងបង្ហាញពីបេះដូងដ៏ធំធេង នៃការស្រឡាញ់ លោក អ៊ាង សុផល្លែត បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃតែម្តង។
លើសពីការបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនស្រីហើយនោះ ការជ្រើសយកការដាំផ្កាស្បៃរឿងដោយផ្ទាល់ដៃនេះ លោក អ៊ាង សុផល្លែត ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង។
កន្លងទៅផ្កាដែលតាំងលំអរក្នុងពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗទៀត ភាគច្រើនត្រូវបានគេទិញពីក្រៅប្រទេស។ ដូច្នេះបើគេអាចបាននៅក្នុងស្រុក ដើម្បីបំពេញសេចក្តីត្រូវការទាំងនេះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
ក្រៅតែពីផ្កាស្បៃរឿងហើយនោះ លោក អ៊ាង សុផល្លែត ក៏បានដាំដំណាំមួយចំនួនទៀត ដែលត្រូវប្រើប្រាស់ក្នុងថ្ងៃមង្គលរបស់កូនស្រីផងដែរ។
គួរជម្រាបដែលថា ចៅស្រី លោក ជា សុផារ៉ា មានឈ្មោះថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវជាកូនស្រីរបស់លោក អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី នឹងត្រូវចូលរោងជ័យរៀបមង្គលការដ៏ធំជាមួយនឹងកូនកំលោះឈ្មោះថា “ប៉ែន សំអាត សុទ្ធចិត្ត” ដែលជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោកក៏ធ្លាប់កាន់តួនាទីជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។
អាពាហ៍ពិពាហ៍នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ ខណៈអាពាហ៍ពិពាហ៍នឹងរៀបចំឡើងដោយភ្ជាប់កម្មវិធីប្រពៃណីខ្មែរជាច្រើនមានដូចជា៖ កម្មវិធីសំអាងកេសា, ពិធីកាត់ផ្កាស្លា, ពិធីហែផ្កាស្លាចូលរោងជ័យ, ពិធីក្រុងពាលី,ពិធីបុកល័ក្ត និងធ្វើធ្មេញជាដើម ៕














































