ប្រទេសចិន៖ បក្សកុម្មុយនិស្តចិនបានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពក្នុងអាយុ ៩៦ឆ្នាំ ដោយសារតែជំងឺមហារីកឈាម។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរចិនបានប្រកាសថា អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពដោយសារជំងឺមហារីកឈាម និងជំងឺដាច់សសៃឈាមក្នុងអាយុ ៩៦ ឆ្នាំហើយ នៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិននៅម៉ោង ១២ និង ​១៣នាទី រសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ម៉ោងក្នុងស្រុក។

ការជូនដំណឹងខាងលើ ត្រូវបានចេញដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជាតិនៃប្រទេសចិន គណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងគណៈកម្មការយោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិតចិន។

យ៉ាងណាមិញលិខិតនោះមានសេចក្តីប្រកាសដោយមានការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ លោក Jiang Zemin  ដែលបានស្លាប់ដោយសារជំងឺមហារីកឈាម និងការបរាជ័យផ្នែកសរីរាង្គ បន្ទាប់ពីការព្យាបាលវេជ្ជសាស្រ្តទាំងអស់មិនបានជោគជ័យ។

បន្ថែមពីនោះក្នុងលិខិតប្រកាសនោះ ក៏បានបញ្ជាក់ថាលោក Jiang Zemin គឺជាអ្នកដឹកនាំឆ្នើមមួយរូប ដែលមានកិត្យានុភាពខ្ពស់ និងត្រូវបានទទួលស្គាល់ដោយបក្សកងទ័ព និងប្រជាជនចិនគ្រប់ជនជាតិ គាត់ជារដ្ឋបុរស, អ្នកយុទ្ធសាស្រ្តយោធា និងអ្នកការទូតដ៏អស្ចារ្យ ក៏ដូចជាជាអ្នកប្រយុទ្ធកុម្មុយនិស្ត ដែលបានសាកល្បងពេលវេលា និងមេដឹកនាំឆ្នើមនៃសង្គមនិយមដ៏អស្ចារ្យជាមួយនឹងអត្តសញ្ញាណចិន។ ហើយលោក Jiang គឺជាឆ្អឹងខ្នងនៃភាពជាអ្នកដឹកនាំរួមមជ្ឈិមជំនាន់ទី ៣ របស់បក្ស និងជាស្ថាបនិកនៃទ្រឹស្តីនៃមជ្ឈិមជំនាន់ទី ៣ របស់បក្សផងដែរ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល