ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈអញ្ជើញបិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត រហូតដល់ទទួលបានជ័យជំនះជាទីមោទនៈនេះ។
សម្តេចតេជោ បានយកឱកាសនេះ អបអរសាទរចំពោះការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលនេះ កម្ពុជាបានបញ្ចូលជាបន្តបន្ទាប់នូវបេតិកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ ហើយនៅពេលខាងមុខកម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិដូនតាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត។
សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ ដែលបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។
សម្តេចតេជោសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសសិល្បករ-សិល្បការិនី និងយោធិនបញ្ជាការដ្ឋាន- អង្គរក្សចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ និងការសម្ដែង ប្រកបដោយ ទេពកោសល្យ ដែលនេះបង្ហាញនូវកិច្ចសហការល្អ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានោញសម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្មួយៗកីឡាករ-កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ៕










