អន្តរជាតិ៖ ថ្នាំញៀន៣ប្រភេទដែលគិតជាទឹកប្រាក់ប្រមាណ១០០ លានបាត ត្រូវបានកម្លាំងគយ សហការជាមួយកម្លាំងនាយកដ្ឋានបង្ក្រាបគ្រឿងញៀន ធ្វើការស្ទាក់ចាប់បាន ខណ:ដែលឈ្មួញបានប្រើវិធីសាស្ត្រថ្មី ដោយបានដាក់បង្កប់ក្នុងសុីតែនរថយន្តដឹកប្រេងសាំង ហើយបើកឆ្លងដែនជាធម្មតា។

យោងតាមការផ្សាយរបស់គេហទំព័រ PBS បានបញ្ជាក់ថា កិច្ចប្រតិបត្តិការរបស់កម្លាំងជំនាញថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រខេត្តណងខាយ ប្រទេសថៃ ដោយសមត្ថកិច្ចមានការសង្ស័យទៅលើរថយន្តដឹកប្រេងសាំងមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងដែនចេញពីប្រទេសឡាវ ចូលមកក្នុងទឹកដីថៃ។

ក្រោយពីបានត្រួតពិនិត្យទៅលើរថយន្តសុីតែនដែលបើកបរដោយជនជាតិថៃ អាយុ៥៣ឆ្នាំនោះរួចមក កម្លាំងជំនាញបានរកឃើញថ្នាំញៀនជាច្រើនដែលគេបានលាក់ទុកនៅក្នុងសុីតែនដឹកប្រេងនោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបរ និងបាននាំយកវត្ថុតាងទាំងអស់ចេញពីសុីតែនដើម្បីត្រួតពិនិត្យ។

ក្រោយការត្រួតពិនិត្យ កម្លាំងបានរកឃើញថ្នាំញៀនចំនួន៣ប្រភេទគឺ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៣លាន ៨សែនគ្រាប់ ថ្នាំញៀនប្រភេទខេ ចំនួន ៥.០០០ គ្រាប់ និងថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន១០kg ។

នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបររថយន្តបានសារភាពថា ពេលដែលខ្លួនដឹកប្រេងទៅកាន់ប្រទេសឡាវ គឺមានជនជាតិ​ឡាវម្នាក់មិនស្គាល់ឈ្មោះបានមកទាក់ទងអោយខ្លួនដឹកថ្នាំញៀនទាំងនេះ ទៅកាន់ខេត្តប្រាជីនបុរី ដោយបានប្រគល់ប្រាក់ចំនួន៥មុឺនបាតជាប្រាក់កម្រៃ ហើយនៅថ្ងៃអង្គារ៍ខ្លួនក៏បានដឹកចេញមកប្រទេសថៃវិញ តែត្រូវសមត្ថកិច្ចចាប់បាន។

ជនសង្ស័យបានបន្តថា កាលពី៦ឆ្នាំមុន ខ្លួនក៏ធ្លាប់សុីឈ្នួលដឹកកញ្ឆាក្រៀមឆ្លងដែនបែបនេះដែរ ដោយក្នុងមួយលើក ចាប់ពី ៥០០ kg ទៅ ៦០០ kg ហើយក៏ធ្លាប់ដឹកជាច្រើនលើកផងដែរ ដើម្បីយកប្រាក់កម្រៃទៅព្យាបាលជំងឺប្រពន្ធ ។

នៅក្នុងល្បិចថ្មីនេះ សមត្ថកិច្ចបានត្រៀមបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការហើយ រួមជាមួយវត្ថុតាងតាមផ្លូវច្បាប់ ៕