ប្រទេសវៀតណាម៖ បុរសវ័យក្មេងដែលគេស្គាល់ថាជាអ្នកជំនួញជនជាតិវៀតណាមម្នាក់បានសម្រេច សង់វីឡាដ៏ស្កឹមស្កៃស្រោបទៅដោយមាសទាំងមូល រហូតវីឡានោះបានក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ និងមានមនុស្សជាច្រើនកុះករសម្រុកនាំគ្នាទៅលេង និងទស្សនា។

នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះមានការបង្ហោះ និងចុះផ្សាយយ៉ាងព្រោងព្រាត ពីមហាសេដ្ឋីអចលនទ្រព្យ និងគេស្គាល់ថាជាអ្នកជំនួញវ័យក្មេងនៅទីក្រុង កើន ធឹ (Can Tho) ប្រទេសវៀតណាម លោក ងៀន វ៉ាន ត្រាំង (Nguyen Van Trang) បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនចំពោះវីឡាដ៏ស្កឹមស្កៃរបស់គាត់មួយខ្នងដែលស្រោបពរពេញទៅដោយមាស។

បើតាមការឱ្យដឹងពីម្ចាស់វីឡាវ័យក្មេងលោកងៀន វ៉ាន ត្រាំង (Nguyen Van Trang) បានឱ្យដឹងថាក្រោយពីលោកបានធ្វើដំណើរនៅជុំវិញពិភពលោករួចមក គាត់ក៏ចាប់ផ្ដើមមានគំនិត បង្កើតផ្ទះដែលអាចទាក់ទាញ ភ្ញៀវទេសចរ និងរកចំណូលបានយ៉ាងពិតប្រាកដ។

បន្ទាប់ពីនោះមកលោកបានពិភក្សាជាមួយនឹងស្ថាបត្យករ ហើយលោក ត្រាំង (Trang) ក៏បានសម្រេចចិត្តជ្រើសរើសពណ៌មាសសម្រាប់សង់វីឡាមួយនេះឡើងមក។ ក្នុងនោះលោកបានបញ្ជាក់ថាវីឡាស្រោបមាសនេះគាត់បានតាំងចិត្ត និងមានគម្រោងសាងសង់វាឡើងតាំងពី ៦ ឆ្នាំមុន បន្ទាប់គិតរួចលោកក៏បានសម្រេចចិត្តធ្វើវាឲ្យក្លាយជាការពិត។ដោយគម្រោងនេះត្រូវចំណាយរយៈពេល ៣ ឆ្នាំ ដើម្បីបញ្ចប់ ។

បន្ទាប់ពីគម្រោងសាងសងវីឡានេះត្រូវបានបញ្ចប់ វាបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងស្រុក  ហើយក្លាយជាភាពល្បីល្បាញទូទាំងក្រុង និងប្រទេស ជាមួយនឹងភាពទាក់ទាញចាប់ពីផ្នែកខាងក្រៅនៃពន្លឺពណ៌មាសភ្លឺចែងចាំង រហូតបានទាក់ទាញភ្នែករបស់មនុស្សទាំងពួងដែលឆ្លងកាត់ ឈប់ថតរូប ព្រមទាំងស្ងើចសរសើរលើស្ថាបត្យកម្មមួយនេះជាខ្លាំង។

ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងផ្នែកខាងក្រៅ ក្រឡេងចូលមើលផ្នែកខាងក្នុងវិញអ្នកកាន់តែឈ្លក់វង្វេងនឹងមាសដែលត្រូវបានគេស្រោបសូម្បីតែជញ្ជាំងផ្ទះ ផ្ទះបាយ គ្រឿងសង្ហារឹម និងការតុបតែងផ្សេងៗ រួមទាំងរូបចម្លាក់មាសដែលបានលម្អលើយ៉រផ្ទះ ក៏ដូចជាអ្វីគ្រប់យ៉ាងផ្សេងទៀត គឺធ្វើពីមាសទាំងអស់ ។

ក្នុងនោះសម្រាប់ភ្ញៀវដែលចាប់អារម្មណ៍ និងចង់ចូលទៅទស្សនាផ្ទះលោក ត្រាំង (Trang ) គ្រាន់តែចំណាយ ៥០,០០០ ដុង ឬប្រហែល ៧ពាន់ ៥រយរៀលប៉ុណ្ណោះនឹងអាចចូលទស្សន្តវីឡាមាសនេះបានដោយសេរី។

ទោះជាយ៉ាងណាលោក ងៀន វ៉ាន ត្រាំង (Nguyen Van Trang) មិនបានបង្ហាញពីតម្លៃនៃការសាងសង់ ក៏ដូចជាទំហំពិតប្រាកដនៃវីឡាដ៏ស្កឹមស្កៃនេះនោះឡើយ៕ ប្រភព៖ Sanook