ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្ដី ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ចាត់​វិធាន​ការ ​ដោយ​មិន​ឱ្យ​មាន​ការ​រីក​រាល​ដាលកាន់​តែ​ខ្លាំងនៃ​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​តំបន់​ថ្មដា ​ក្នុង​ស្រុក​វាល​វែង ​ជាប់​ព្រំដែន​ថៃ។​

តំបន់​ថ្មដា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ទីតាំង​គ្រប់​គ្រង​ដោយ​ឧកញ៉ា ​ទ្រី ភាព ​ដែល​នៅ​ទី​នោះ​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ដែល​មាន​អគារ​ជា​ច្រើន​ជួល​សម្រាប់​ជនជាតិ​ចិន។ ​ថ្មដា​ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ​ និង​ជា​តំបន់​ដាច់​ស្រយាល ធ្លាប់​ត្រូវ​បាន​រាយ​ការណ៍​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក ​និង​ក្រៅ​ប្រទេស ​ដូចជា​Al Jazeera ​ថា ​មាន​ការ​ជួញដូរ​មនុស្ស​នៅ​ទីនោះ ​តាម​រយៈ​អំពើ​បោក​បញ្ឆោត​តាម​បច្ចេក​វិទ្យា ​ឬ​ហៅ​ថា​ Scam។​

នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​ថ្មី​នៃ​ខេត្ត​ពោធិ៍សាត់ ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ ស ខេង ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​កុំ​ឱ្យ​តំបន់​ថ្មដា​ក្លាយ​ជា​កន្លែង​ជួញ​ដូរ​មនុស្ស ​ដូច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

សម្ដេចស ខេង ​ថ្លែង​ថា៖​ «អា​នេះ​ជា​ពិសោធន៍​ទេ ​មិន​ថា​ ពិសោធន៍​នេះ​ វា​គ្រប់​ជ្រុង​ជ្រោយ​ទេ ​ព្រោះ​យើង​នៅ​បន្ត​ធ្វើ​ទៀត។ ​ប៉ុន្តែ​គ្រាន់​តែ​ចង់​និយាយ​ថា​ រំឭក​ដល់​ពោធិ៍សាត់​របស់​យើង​ ថ្មដា ​[ក្នុង​ស្រុក​វាល​វែង]​នេះ​កុំ​ឱ្យ​វា​ហៅ​ថា​ សកម្ម​ភាព​ខុស​ច្បាប់​នៅ​កន្លែង​ហ្នឹង​វា​កើត​មាន​កាន់​តែ​រីក​ធំ​ទៅ»។​

សម្ដេច ​ស ខេង ​អះអាង​បន្ថែម​ថា ​ខេត្ត​ព្រះ​សីហនុជា​កន្លែង​មួយ​ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ការ​វិនិយោគ ​ក៏ដូច​ជា​ការ​អភិវឌ្ឍ។​ ប៉ុន្តែ​ខេត្ត​មួយ​នេះ​ក្លាយ​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ​កម្ម​ និង​ការ​ជួញ​ដូរ​មនុស្ស។​

សម្ដេច ខេង ​បន្ថែម​ថា​ សមត្ថ​ភាព​របស់​មន្ត្រី​នៅ​ខ្សោយ ​ក៏​ជា​ឱកាស​សម្រាប់​ជន​ខិល​ខូល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ផង​ដែរ។ ​ដូច្នេះ​លោក​ជំរុញ​ឱ្យ​មាន​ការ​សហការ​គ្នា​ដើម្បី​កម្ចាត់​នូវ​អំពើ​ជួញដូរ​ខុស​ច្បាប់​ទាំង​នោះ។​

សម្ដេចបានថ្លែង​ថា៖ ​«រឿង​ដូរ​មនុស្ស​ក្តី ​បទ​ល្មើស​ផ្សេង​ក្តី​ បើ​មន្ត្រី​យើង​មិន​ពាក់ព័ន្ធ​ទេ​ ស្រួល​នោះ​ស្រួល​ មហា​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ។ ​ខ្ញុំ​ជឿ​អ៊ីចឹង។ ​និយាយ​អ៊ីចឹង​មិន​មែន​មាន​ន័យ​ថា ​យើង​មិន​ហ៊ាន​ទេ ប៉ុន្តែ​គ្រាន់​ថា ​វា​ពិបាក​ស្រាវ​ជ្រាវ​ …​តែ​មន្ត្រី​យើង​ពាក់ព័ន្ធ​ហើយ​ ពិបាក​ស្រាវ​ជ្រាវ​ណាស់។ ​អា​ហ្នឹង​សូម​មេត្តា​អំពាវនាវ​ថា​ កុំ​ពាក់​ព័ន្ធ។ ​តែ​កុំ​ពាក់​ព័ន្ធ ​យើង​ស្រួល​ហ្មង​ …ដោះស្រាយ​ស្រួល​ហ្មង។ ​យក​គោល​ការណ៍​មក​ដោះ​ស្រាយ»។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

កាល​ពី​ដើម​ខែ​វិច្ឆិកា ​សម្ដេច​ ស ខេង ​បាន​អះអាង​ថា ​អាជ្ញា​ធរ​កម្ពុជា​បាន​ជួយ​សង្រ្គោះ​មនុស្ស​រាប់​រយ​នាក់ ​ហើយ​ក៏​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រមាណ​១០០​នាក់​ក្នុង​ករណីជួញដូរ​មនុស្ស។ ​លោក​បន្ថែម​ថា​ អាជ្ញាធរ​បាន​បិទ​ក្រុម​ហ៊ុន​មួយ​ចំនួន ​ហើយ​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​បាន​រត់​ទៅ​កន្លែង​ផ្សេងៗ ​ដូច​ជា​នៅ​ខេត្ត​ព្រះ​សីហនុ ​ពោធិ៍សាត់ ​កោះកុង ​បន្ទាយ​មានជ័យ ​ឧត្តរ​មាន​ជ័យ ​ស្វាយរៀង ​កណ្តាល ​សៀមរាប ​និង​ភ្នំពេញ ៕