ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់សហរដ្ឋអាមេរិកថា ជាប្រទេសដែលឈានមុខគេ ក្នុងការនាំវត្ថុបុរាណរបស់ខ្មែរ ត្រឡប់មកមាតុប្រទេសវិញ។

ការប្រកាសថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ្រាដែលសម្តេចបានរំលឹកខ្លឹមសារនៃជំនួបរវាងសម្តេច និងលោកប្រធានាធិបតី ចូ បៃដិន។

«ខ្ញុំអរគុណអាមេរិក អាហ្នឹងយើងត្រូវទទួលស្គាល់យកការពិតមួយ អាមេរិកគឺជាប្រទេសដែលឈានមុខគេ ក្នុងការនាំវត្ថុបុរាណត្រឡប់មកមាតុប្រទេសវិញ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានបន្តថា៖ «យើងត្រូវទទួលអាហ្នឹង អាមេរិកសកម្មណាស់ ទោះបីពលរដ្ឋអាមេរិកក៏ដោយ ពលរដ្ឋអាមេរិកដែលកាន់កាប់ទ្រព្យសម្បត្តិនោះ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ទាំងស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ទាំងក្រសួងការបរទេសអាមេរិកនៅវ៉ាស៊ិនតោន សុទ្ធតែបានខិតខំ ធ្វើកិច្ចការងារនេះ ដើម្បីនាំវត្ថុបុរាណត្រឡប់មកវិញ»

សម្តេចក៏បានបញ្ជាក់ផងដែរថា ជុំវិញបញ្ហានេះ នៅពេលជួបជាមួយសម្តេច អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ចូ បៃដិន ក៏បានសន្យា និងអះអាងដែរថា វត្ថុបុរណាខ្មែរប្រហែលជានៅមានទៀតនៅសហរដ្ឋអាមេរិក ហើយលោកនឹងខិតខំធ្វើការងារនេះថែមទៀត ដើម្បីនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។

របាយការណ៍ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វត្ថុបុរាណចំនួន២៥៨រូប ត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាត់បង់ក្នុងសម័យកាលសង្គ្រាម។

វត្ថុបុរាណដែលបានត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញនោះរួមមាន សហរដ្ឋអាមរិក ចំនួន៣៣រូប, ជប៉ុន ចំនួន៧១រូប, ហុងគ្រី ចំនួន១១០រូប, អង់គ្លេស ចំនួន១៦រូប និងប្រទេសថៃ ចំនួន២៨រូប៕