រដ្ឋធានីកៀវ៖ នៅទីបំផុត ក្រុងតេអ៊ីរ៉ង់ បានសារភាព អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យក្រុងមូស្គូ ប៉ុន្ដែក្រុងកៀវ នៅតែព្រមាន អំពីផលវិបាកនានា ជុំវិញការកុហក ពីកាលបរិច្ឆេទផ្គត់ផ្គង់គ្រឿងចម្បាំង ជាពិសេស ដ្រូនវាយប្រហារ ទៅឲ្យរុស្ស៊ី ។

សារព័ត៌មាន News 24 បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ថា អ៊ុយក្រែន បានអះអាង ថា អ៊ីរ៉ង់ កំពុងតែកុហក អំពីពេលវេលាផ្គត់ផ្គង់ដ្រូន ទៅឲ្យប្រទេសរុស្ស៊ី និង បានព្រមាន អំពីផលវិបាកនានាផងដែរ។ ក្រុងកៀវ បានធ្វើអត្ថាធិប្បាយបែបនេះ ក្រោយពេលក្រុងតេអ៊ីរ៉ង់ បានទទួលស្គាល់ ជាលើកដំបូង ថា អ៊ីរ៉ង់ បានបញ្ជូនដ្រូនជាច្រើនគ្រឿង ទៅឲ្យរុស្ស៊ី ដោយសារតែក្រុងមូស្គូ បានទទួចសុំឲ្យផ្ដល់ដ្រូនទាំងនោះ នៅមុនការផ្ទុះសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។Ukraine says Iran lying about timing of drone supply, warns of  'consequences' | The Times of Israel

អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានព្រមានដល់អ៊ីរ៉ង់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ផលវិបាកយ៉ាងស្មុគស្មាញ ជាមួយនឹងក្រុងមូស្គូ នឹងធ្ងន់ធ្ងរជាងផលប្រយោជន៍របស់អ៊ីរ៉ង់ ទទួលបានមក ពីកិច្ចគាំទ្ររបស់រុស្ស៊ី ទៅទៀត»។

ការព្រមានរបស់ក្រុងកៀវ បានកើតឡើង ក្រោយពេលអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានទទួលស្គាល់ ជាលើកដំបូង ថា ក្រុងតេអ៊ីរ៉ង់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន មានចំនួនតិចតួច ទៅឲ្យប្រទេសរុស្ស៊ី។ ប៉ុន្តែក្រុងតេអ៊ីរ៉ង់ បានលើកឡើង ថា អ៊ីរ៉ង់ បានផ្គត់ផ្គង់ដ្រូនវាយប្រហារ ទៅឱ្យសម្ពន្ធមិត្តរបស់ខ្លួន មុនពេលការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

ថ្វីបើក្រុងតេអ៊ីរ៉ង់ បានសារភាពយ៉ាងដូច្នេះក្ដី ប៉ុន្ដែក្រុងកៀវ និង សម្ពន្ធមិត្តបស្ចិមលោក បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រើប្រាស់ដ្រូន ផលិតដោយអ៊ីរ៉ង់ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ យកមកវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន។Iran Finally Admits Providing Drones To Russia

រហូតមកដល់ពេលនេះ ក្រុងតេអ៊ីរ៉ង់ នៅតែច្រានចោលការចោទប្រកាន់ជាដដែលៗ ប៉ុន្ដែកាលពីថ្ងៃសៅរ៍ លោក ហូសសេន អាមៀរ អាបដូលឡាហៀន (Amir-Abdollahian) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្ដី ដោយអះអាង ថា ដ្រូនរបស់អ៊ីរ៉ង់ មួយចំនួន ត្រូវបានបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី នៅមុនសង្គ្រាមផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្ដីរបស់លោក Amir-Abdollahian ដោយបានថ្លែង ថា «យើងបានផ្គត់ផ្គង់ដ្រូនមួយចំនួន ទៅឲ្យប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនខែ មុនការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន»។

លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ក្រុមមន្រ្ដីអ៊ីរ៉ង់ អំពីការកុហក ជុំវិញការបញ្ជូនដ្រូនអត្ដឃាត ទៅឲ្យក្រុងមូស្គូ។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា «ឥឡូវ អ៊ីរ៉ង់ បានសម្រេចចិត្តសារភាព ថា ក្រុងតេអ៊ីរ៉ង់ បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់ភេរវកម្មរបស់រុស្ស៊ី។ ប៉ុន្តែសូម្បីតែ នៅក្នុងពេលសារភាពនេះ ក៏ពួកគេនៅតែកុហកបន្ដទៀត។ ជារៀងរាល់ថ្ងៃ កងទ័ពការពារទឹកដីរបស់យើង បានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់ យ៉ាងតិច១០គ្រឿង។ ប៉ុន្ដែរបបគ្រប់គ្រង នៅអ៊ីរ៉ង់ នៅតែអះអាង ថា ក្រុងតេអ៊ីរ៉ង់ បានផ្ដល់ដ្រូនឲ្យរុស្ស៊ី មានចំនួនតិចតួច ហើយការផ្ដល់ឲ្យនេះ គឺតាំងពីមុនការចាប់ផ្ដើមសង្គ្រាមទ្រង់ទ្រាយធំ»។Will the War in Ukraine Push Iran and Russia to Compete? | Middle East  Institute

អស់ជាច្រើនសប្តាហ៍កន្លងមកហើយ កម្លាំងទាហានរុស្ស៊ី បានបាញ់មីស៊ីលយ៉ាងសន្ធាប់ និង ប្រើប្រាស់ដ្រូនអត្ដឃាត វាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈការវាយលុក កាន់តែខ្លាំងពីកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដោយសារការទទួលគ្រឿងសព្វាវុធ មកពីបណ្ដាប្រទេសលោកខាងលិច រហូតបានវាយរុញច្រានកងទ័ពរុស្សី ឱ្យដកទ័ពថយ ចេញពីតំបន់នានា នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរដោយសារសង្គ្រាម។

ការវាយប្រហាររបស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានបំផ្លិចបំផ្លាញស្ថានីយថាមពលរបស់អ៊ុយក្រែន អស់ប្រហែលមួយភាគបី។ ដោយឡែក រដ្ឋាភិបាលក្រុងកៀវ បានជំរុញឱ្យប្រជាជនអ៊ុយក្រែន សន្សំសំចៃថាមពលអគ្គិសនី ឱ្យបានច្រើន តាមអ្វីដែលអាចធ្វើទៅបាន ខណៈរដូវរងាចូលមកដល់។

ក្រុងកៀវ បានអះអាង ពីដ្រូនរបស់អ៊ីរ៉ង់ ប្រហែល៤០០គ្រឿង ត្រូវបានប្រើប្រាស់រួចមកហើយ ដើម្បីប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន ខណៈ ក្រុងមូស្គូ បានបញ្ជាទិញដ្រូន ប្រហែល២០០០គ្រឿង។

ជាមួយនឹងការចោទប្រកាន់ ពីអ៊ុយក្រែន ផងនោះ ចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមឧត្ដមសេនីយ៍កំពូលៗរបស់អ៊ីរ៉ង់ ចំនួន៣នាក់ និង បានចោទប្រកាន់ដល់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ អំពីការផ្គត់ផ្គង់ដ្រូន ទៅឲ្យប្រទេសរុស្ស៊ី។ បច្ចុប្បន្ន កងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតំបន់ឃើរសុន(Kherson) ជាទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់របស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានប្រជាជនរស់នៅ ប្រហែល ២៨៨ ០០០នាក់ នៅមុនការផ្ទុះសង្គ្រាម នាថ្ងៃទី២៤ ខែកុម្ភៈ៕