រាជធានីភ្នំពេញ៖ គ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះដ៏ល្បីក្នុងបណ្ដាញសង្គមគឺលោក វណ្ណដា ដែលជាតារាចម្រៀង Original song ដ៏ល្បីទូទាំងប្រទេស និងល្បីទៅដល់ប្រទេសក្រៅ ជាពិសេសប្រទេសថៃជាដើម។

ទាក់ទងនឹងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដែលបានមកពីសមត្ថភាព និងទេពកោសល្យរបស់តារាចម្រៀងវ័យក្មេង លោក វ​ណ្ណដា បានធ្វើឱ្យមហាជនក្នុងស្រុកជាច្រើនមានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង លើសពីនេះមិនត្រឹមតែទទួលបានការគាំទ្រពីក្នុងស្រុក ប៉ុន្តែលោកបានធ្វើឱ្យបរទេស ជាពិសេសប្រទេសថៃបានស្គាល់ពីស្នាដៃកូនខ្មែរយ៉ាងអស្ចារ្យ រហូតជនជាតិថៃមួយចំនួនបានចាប់ទុកលោកវណ្ណដា ជា អាយដល ក្នុងដួងចិត្តរបស់ពួកគេថែមទៀតផង។

ក្រោយមានភាពល្បីរន្ទឺនេះ ក៏មានម្ចាស់អាខោនហ្វេសប៊ុកមួយ ឈ្មោះ “Janrasmey Alezovann” បានបង្ហោះពីឥទ្ធិពលរបស់តារាចម្រៀងរូបនេះនៅក្នុងប្រទេសថៃយ៉ាងដូច្នេះថា៖

“តើវណ្ណដាគឺជាអ្វីនៅស្រុកថៃ?

នៅស្រុកថៃវណ្ណដា បានធ្វើឲ្យជនជាតិថៃផ្លាស់ប្តូរផ្នត់គំនិតចាស់គំរិលអំពីជនជាតិខ្មែរ។ វណ្ណដាបានបង្កើតរូបភាពវិជ្ជមានបង្ក្រាបគំនិតអវិជ្ជមានអំពីជនជាតិខ្មែរក្នុងសង្គមថៃ។ ការផ្លាស់ប្តូរនេះបានផ្តល់គុណប្រយោជន៍ និងជួយដល់បងប្អូនខ្មែរពលករដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ (ដែលស្វែងរកក្តីសង្ឃឹមថ្មីក្នុងទឹកដីមួយដែលសង្គមគេម៉ាក់ងាយ) ដោយផ្ទាល់ លើសពីនេះ ថៃដើមកំណើតខ្មែរ(ខ្មែរលើ៖ ខ្មែរសុរិន្ទ បុរីរម្យ ស្រីស្រះកេត…) កាន់តែមានមោទនភាពជាខ្មែរដែលពីមុនមក អត្តសញ្ញាណនេះត្រូវបានម៉ាកងាយ បន្ទាបបន្ថោកដោយប្រព័ន្ធសង្គមថៃ។ នៅថៃគុណតំលៃរបស់វណ្ណដាដែលសាងគឺមានអត្តន័យជ្រាលជ្រៅ វណ្ណដាជានិមិត្តរូបនៃភាពតស៊ូ អំនត់ ឈ្លាស់វៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉ាប់ស្រុកថៃ) ពូកែ មានសមត្ថភាពឆ្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានឯក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកឆ្នៃជារបស់ថ្មីទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉ាប់។”

ពិតណាស់ទាក់ទងនឹងការលើកឡើងរបស់អ្នកគាំទ្រថៃខាងលើនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីសក្ដានកុពលនៃការច្នៃប្រឌិតនូវបទចម្រៀងថ្មីៗ និងទាក់ទាញអារម្មណ៍ ជាក់ស្ដែងដូចជាបទចម្រៀង “Time to rise” ដែលបានអង្រួនចិត្តប្រជាជនខ្មែរ និង បរទេសជាច្រើន ពីការច្នៃចម្រៀងក៏ដូចជាបានយកនូវសិល្បៈករខ្មែរលោកតារគង់ណៃ អ្នកចម្រៀង ចាប៉ិដងវៃង មកចូលរួមសម្ដែងយ៉ាងអស្ចារ្យ និងពិតជាប្លែកអារម្មណ៍ជាខ្លាំងសម្រាប់ចម្រៀងមួយបទនេះ៕