បរទេស៖ គួរឱ្យតក់ស្លុត មនុស្ស ១១ នាក់បានស្លាប់ ដោយការថប់ដង្ហើម បន្ទាប់ពីហ្វូងមនុស្សជាច្រើនបានសម្រុកនាំគ្នាចូលកីឡដ្ឋាន ដើម្បីទៅមើលការប្រគំតន្ត្រីរបស់សិល្បករល្បីមួយនៅក្នុងប្រទេសកុងហ្គោ(Congo)។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានចុះផ្សាយនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ អំពីសោកនាដកម្មមួយបានកើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានហ្វូងមនុស្សជាច្រើនបានព្យាយាមចូលទៅក្នុងកីឡដ្ឋាន ទុក្ករបុគ្គល(Martyrs) ក្នុងទីក្រុង Kinshasa  រាជធានីនៃប្រទេសកុងហ្គោ កាលពី ថ្ងៃសៅរ៍ ទី ២៩ ខែ តុលា កន្លងទៅ។

ហ្វូងមនុស្សជាច្រើននោះសង្ឃឹមថានឹងបានឃើញការប្រគុំតន្ត្រីរបស់សិល្បករដ៏ល្បីល្បាញម្នាក់ឈ្មោះថា (Fally Ipupa)។

ជាមួយគ្នានោះបើយោងតាមរបាយការណ៍បញ្ជាក់ថា ហ្វូងមនុស្សកំពុងព្យាយាមចូលទៅក្នុងពហុកីឡដ្ឋាន Martyrs ដែលអាចមានសមត្ថភាពដាក់មនុស្សបាន ៨០,០០០នាក់ ដោយអ្នកខ្លះនៅខាងក្នុងមិនមានកន្លែងអង្គុយ VIP និងកៅអីបម្រុងនោះទេ។

ប្រភពដដែលបានបញ្ជាក់ថាមុនពេលសោកនាដកម្មកើតឡើង មន្ត្រីប៉ូលីស DR Congo បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកហ្វូងហ្វូងមនុស្សដែលមានអំពើហិង្សានៅតាមដងផ្លូវនៅខាងក្រៅកីឡដ្ឋាន Martyrs។

ជាអកុសលព្រឹត្តិការណ៍នេះបានក្លាយជា សោកនាដកម្មដោយមានមនុស្ស ១១ នាក់ត្រូវបានគេសង្កតរហូតដល់ ថប់ដង្ហើមស្លាប់ និង៧នាក់រងរបួស។

យ៉ាងណាមិញលោក Ipupa សិល្បករដ៏ល្បីល្បាញបាននិយាយថា គាត់មិនដឹងថាមានគ្រោះថ្នាក់ ដោយសារមនុស្សម្នាមកទស្សនាការប្រគំតន្ត្រីរបស់លោក រហូតដល់ថប់ដង្ហើមស្លាប់នោះទេ។ លុះ ភ្ញាក់ពីដំណេកនៅព្រឹកថ្ងៃ អាទិត្យ ទី ៣០ ខែ តុលា ទើបដឹងសេចក្តីប្រកាសពីឧបទ្ទវហេតុនេះ ដែលធ្វើឱ្យគាត់មានអារម្មណ៍សោកសៅយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃអ្នក ស្លាប់ ក្នុងសោកនាដកម្មមួយនេះ៕ ប្រភព៖ Thairath