បរទេស៖ វាអាចត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្តូរនៅក្នុងប្រវត្តិសាស្រ្តនៃសណ្ឋាគារ (Abraj Kudai) ដ៏ធំស្កឹមស្កៃ ដែលជាស្នាដៃស្ថាបត្យកម្ម និងវិស្វកម្មដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងបេះដូងនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

សណ្ឋាគារ (Abraj Kubai) ដែលជាសណ្ឋាគារដ៏ធំបំផុតនៅលើពិភពលោកត្រូវបានសាងសងឡើងតាំងពីឆ្នាំ២០១៥ ហើយវានឹងក្លាយជាភាពអស្ចារ្យ ​និងប្រវត្តិសាស្ត្រអំពីសណ្ឋាគារដែលធំជាងគេលើពិភពលោក ប្រសិនបើបានបញ្ចប់នៅក្នុងទីក្រុង Mecca ដែលជាទីក្រុងសាសនានៃប្រទេសអារ៉ាប៊ីសាអូឌីតផ្ទាល់។

សណ្ឋាគារនេះ មានប៉មចំនួន ១២ ដែលប៉មនីមួយៗមានកម្ពស់ ៤៥ ជាន់ មានបន្ទប់សរុបចំនួន ១០,០០០ បន្ទប់ ភោជនីយដ្ឋានចំនួន ៧០ កន្លែង និងកន្លែងដាក់ឧទ្ធម្ភាគចក្រចំនួន ៤ ព្រមទាំងមានផ្ទៃដីសរុប ១.៤ លានម៉ែត្រការ៉េ អាចទទួលភ្ញៀវបានរហូតដល់ ៣០,០០០ នាក់។

ចំពោះគម្រោងការសាងសង់សណ្ឋាគារនេះ ត្រូវបានគេរំពឹងថាបានចំណាយប្រាក់រហូតដល់ ទៅ ៣,៥ ពាន់លានដុល្លារអាមេរិក ទើបសណ្ឋាគារនេះត្រូវបានគេចាត់ទុកថាជាគម្រោង (Mega Projects) ដ៏អស្ចារ្យបំផុតមួយនៃ ពិភពលោក។

ទោះជាយ៉ាងណាបច្ចុប្បន្នសណ្ឋាគារនេះកំពុងស្ថិតក្នុងដំណើរការសាងសង់ និង មិនទាន់បានបើកឱ្យ ភ្ញៀវទេសចរ  ចូលស្នាក់នៅនៅឡើយនោះទេ។

មានតែរង់ចាំមើលទាំងអស់គ្នាថាតើសណ្ឋាគារនេះ នឹងអស្ចារ្យប៉ុណ្ណានៅពេលដែលគម្រោងត្រូវបញ្ចប់រួចរាល់៕ ប្រភព៖ Sanook